វត្ថុគួរឲ្យសង្ស័យមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចលាចលតែម្តង បន្ទាប់ពីធ្លាក់នៅកណ្តាលរង្វង់សមាជិកសភាបក្សភឿថៃ ក្នុងអំឡុងពេលប្រជុំសភារួម។ ហើយគេជឿថា វាត្រូវបានគេគ្រវែងចោលមកពីណា ព្រោះមើលទៅលើមានតែពិដានប៉ុណ្ណោះ។
នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា អ្នកយកព័ត៌មានបានរាយការណ៍ថា ក្នុងកិច្ចប្រជុំសភារួម លោក Wan Muhammad Noor Matha ប្រធានសភា ធ្វើជាប្រធានអង្គប្រជុំ។ ប៉ុន្តែ ក្នុងខណៈពេលកំពុងពិចារណាលើសេចក្តីព្រាងបទប្បញ្ញត្តិប្រជុំសភា នៅក្នុងបន្ទប់ប្រជុំ Phrachan ស្រាប់តែវត្ថុគួរឱ្យសង្ស័យមួយ បានធ្លាក់ពីក្រោយកៅអី ដែលសមាជិកសភាគណបក្សភឿថៃ កំពុងអង្គុយ ធ្វើឲ្យផ្អើល ឆោឡោឡើងពេញក្នុងសភាតែម្តង ព្រោះតែមានការព្រួយបារម្ភខ្លាចជាវត្ថុគ្រឿងបំផ្ទុះ។
លោកស្រី Wilda Inchat សមាជិកសភាខេត្តស៊ីសាកេត មកពីគណបក្សភឿថៃ ឈរនៅទីនោះ មិនដឹងថា វត្ថុនោះមកពីណាទេ តែមិនប៉ះទង្គិចលើរណាទេ ហើយវាបានរមៀលទៅក្រោមកៅអីសមាជិកសភា ដែលធ្វើសមាជិកសភារូបនេះ ធាក់ចេញទាំងការភ្ញាក់ផ្អើល។
បន្ទាប់មក តំណាងរាស្រ្តបក្សភឿថៃ បានមកមើលវត្ថុដែលធ្លាក់នោះ ឃើញថាវាជាកំប៉ុងទឹកដោះគោម៉ាកមួយ មានក្រដាសពណ៌ត្នោតជាប់នៅខាងក្នុង ប៉ុន្តែគ្មានសារអ្វីទេ ទើបគាត់សុំឱ្យមន្ត្រីមកយកវាចេញពីកន្លែងកើតហេតុ។
លោក Witthaya Kaewparadai សមាជិកសភាម្នាក់មកពី Ruam Thai Sang Chart Party (RTSC) ដែលកំពុងដើរឆ្លងកាត់ ហើយបានឃើញហេតុការណ៍នោះ បាននិយាយថា អ្វីដែលគាត់បានឃើញ គឺជាកំប៉ុងភេសជ្ជៈដែលមានក្រដាសនៅខាងក្នុង។ គាត់មិននឹកស្មានថា វាធ្លាក់មកពីលើបែបនេះទេ ព្រោះគាត់មើលទៅឃើញតែពិដានប៉ុណ្ណោះ។
ហេតុនេះ គេគិតថាវាអាចត្រូវបានបោះពីលើកំពស់បាន ហើយមិននឹកស្មានថាគេរក្សានៅទីនោះជាមុនទេ ព្រោះមុននឹងបើកកិច្ចប្រជុំ បុគ្គលិកត្រូវពិនិត្យការត្រៀមមីក្រូហ្វូន និងសម្អាតកន្លែងយ៉ាងល្អ។ ទោះបីជាយ៉ាងណា គេមិនដឹងពីប្រភពដើមឡើយ។ ប្រហែលជាមាននរណាម្នាក់បោះវាដោយចៃដន្យ ឬបុគ្គលិកមិនបានសម្អាតវា។
តែបើជាមិនមានបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុនេះយ៉ាងណាក៏ដោយ តែលោក Wittaya បាននិយាយថា ប្រសិនបើមានអ្វីខុសប្រក្រតីធ្លាក់បែបនេះ មិនគួររើសយកទៅភ្លាមៗទេ ដោយអ្នកជំនាញគួរតែមកពិនិត្យ មុននឹងយកវាចេញ ព្រោះមិនដឹងថា តើវាជាអ្វី?៕