ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គមនាថ្ងៃទី១៤ខែមករានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ!
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។
បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ!៕ រក្សាសិទ្ធដោយ៖សុទ្ធលី