ឃ្លីបវីដេអូ១ ដែលថតបានពីទង្វើរបស់ទ័ពអាកាស នៃយោធាជើងទឹកអាមេរិកបានគូររូប “លិង្គ” លើមេឃកំពុងបង្កជារលកកំហឹងយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានបង្ហោះលើបណ្តាញសង្គម។
តាម Daily Mail ហេតុការណ៍នេះ បានកើតឡើងនៅរដ្ឋវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ពលរដ្ឋមួយចំនួនទទួលអារម្មណ៍ថា រងការបំពារបំពានដោយរូបភាពត្រូវបានគូរនេះ ហើយក៏រាយការណ៍ប្រាប់បណ្តាគេហទំព័រព័ត៌មានប្រចាំតំបន់នោះ។
មន្ត្រីទ័ពជើងទឹកអាមេរិក ពុំមានការ “ពេញចិត្ត” ឬឃើញមានអ្វី “កំប្លែង” ក្នុងរូបភាពបែបនេះទេ ហើយក៏បានថ្កោលទោសចំពោះទង្វើនេះ។ ពួកគេនៅបានថ្លែងសុំទោស ព្រោះតែទង្វើផ្តេសផ្តាស់ខាងលើទៀតផង។
យោធាជើងទឹកអាមេរិក បានហៅទង្វើនេះថា ៖ “គ្មានភាពចាស់ទុំ ហើយ “អសីលធម៌” ព្រមទាំងប្រាប់ថា ក្រុមហោះហើរនឹងរងការដាក់ទណ្ឌកម្ម។
ក្នុងពេលដែលយោធាជើងទឹក មានប្រតិកម្មបែបនេះ ប៉ុន្តែអ្នកខ្លះបែរជាឲ្យតម្លៃខ្ពស់លើ “ស្នាដៃគំនូរ” នេះរបស់អ្នកបើកបរយន្តហោះ។
ក្រុមអ្នកគាំទ្រនិយាយថា ៖ “បន្ទាប់ពីយន្តហោះគូររង្វង់មូលនៅពីក្រោយ ខ្ញុំដឹងថា នោះគឺជារូបអ្វី ហើយខ្ញុំចាប់ផ្តើមសើច” -គេហទំព័រ Scattle PI ចុះផ្សាយ។ ខ្លះទៀតថា “ពិតជារីករាយដោយឃើញស្នាដៃនេះ… អ្នកនឹងពុំនឹកស្មានថា បានឃើញទិដ្ឋភាព ដូច្នោះឡើយ”។
យោធាជើងទឹកអាមេរិក ពុំទម្លាយប្រាប់ពីទណ្ឌកម្មក៏ដូចជាអត្តសញ្ញាណរបស់អ្នកបើកបរយន្តហោះ -វិចិត្រករ លើអាកាសនេះទេ៕