Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ដែលពេលនេះកំពុងស្ថិតក្រោមការរៀបចំរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីធានាទាំងការគ្រប់គ្រងមន្រ្តី រួមទាំងវត្តមានប្រចាំថ្ងៃ និងការសុំច្បាប់ឈប់សម្រាក និងដើម្បីធានាប្រសិទ្ធភាពនៃការរៀបចំពង្រឹងធនធានមនុស្សនៅគ្រប់អង្គភាព។

ការណែនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពេលខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ ដោយសាកល្បងក្នុងជំហានដំបូង ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំដាក់ឱ្យអនុវត្តទូទាំងប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទៀតថា ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាពិសេសការពង្រឹងរដ្ឋបាលឌីជីថលដោយគ្រប់គ្រងមន្រ្តីនគរបាលជាតិក្នុងប្រព័ន្ធតែមួយ។

យោងតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងបទបង្ហាញពីមន្រ្តីជំនាញ ប្រព័ន្ធគ្រប់គ្រងមន្ត្រីនគរបាលជាតិ តាមបច្ចេកវិទ្យាឌីជីថល អាចប្រើប្រាស់ទាំងតាមកុំព្យូទ័រ និង App លើទូរសព្ទឆ្លាតវៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា អគ្គនាយកដ្ឋានធនធានមនុស្ស ក៏បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×