ខេត្តកំពង់ចាម: “មានមនុស្សជិត៣០០០នាក់បានស្លាប់និងរបួសជិត ៦០០០នាក់ ដោយសារអំពើភេរវកម្ម ចំណែកនៅប្រទេសកម្ពុជាវិញបានទប់ស្កាត់ពុំមានហេតុការណ៍នេះកើតឡើងនោះទេ ទាំងនេះដោយសារតែមានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាមួយពលរដ្ឋគ្រប់មជ្ឈដ្ឋាន” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម សន្តិបណ្ឌិតនេតសាវឿន ឧបនាយករដ្ឋមន្ត្រីនិងប្រទេសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមថ្លែងនារសៀលថ្ងៃទី១៤ មករាឆ្នាំ២០២៥ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងនិងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដោយធ្វើឡើងនៅសាលសន្និសិទសាលាខេត្ត។ជាមួយនោះមានការចូលរួមពីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការលោកមេឃុំ-ចៅសង្កាត់ អភិបាលស្រុក-ក្រុងទាំង១០នៃខេត្តកំពង់ចាមរាប់រយនាក់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ចំពោះខេត្តកំពង់ចាមទទួលបានការអភិវឌ្ឍន៍និងការរីកចម្រើនគួរឲ្យកត់សំគាល់ជាក់ស្ដែងឆ្នាំ២០២៤ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមមានកំណើន៨,៦% ថ្មើរហ្នឹង២.៦៥៧លានដុល្លារ ក្នុងនោះវិស័យកសិកម្ម វិស័យឧស្សាហកម្មនិងសេវាកម្មមានទំហំ ៧៦៦លានដុល្លារនិងមានGDP សម្រាប់ពលរដ្ឋម្នាក់ចំនួន២៣១៥ដុល្លារក្នុងមួយឆ្នាំ។តាមការរំពឹងទុកនៅឆ្នាំ២០២៥ ខេត្តកំពង់ចាមមានទំហំសេដ្ឋកិច្ចកើនដល់២.៨៦៨លានដុល្លារនិងGDPក្នុងម្នាក់ៗនិងកើនដល់២.៤៨២ដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿនឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ដោយលើកឡើងថា ត្រូវខិតខំរួមគ្នាបន្តពង្រឹងនិងថែរក្សាការពារនៅសន្តិភាព ស្ថេរភាពនយោបាយសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំជាពិសេសរួមគ្នាទប់ស្កាត់និងប្រឆាំងដាច់ខាតរាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងបង្ករអស្ថេរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាពស្ថេរភាពសង្គមនិងបង្កដំណើរការនៃការរីកចម្រើនលូតលាស់របស់ប្រទេសជាតិ។
ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿនឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថាជាមួយនោះត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមវេទិកាសាធារណៈឬមធ្យោបាយផ្សេងទៀតឱ្យចៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលខុសច្បាប់និងប៉ះពាល់ដល់សន្តិភាពស្ថេរភាពសណ្ដាប់ធ្នាប់សាធារណៈនិងសង្គមជាតិ។កងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួនក្នុងការស្រាវជ្រាវបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យបានទាន់ពេលវេលាជាពិសេសនៅតាមទីតាំងកម្សាន្តសប្បាយនានានិងមុខសញ្ញា ដែលមានការសង្ស័យហើយថ្នាក់ដឹកនាំមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ត្រូវតែស្អាតស្អំមិនពាក់ព័ន្ធនឹងគ្រឿងញៀនជាដាច់ខាត។ជាមួយគ្នានេះដែរត្រូវខិតខំបង្កើននិងជំរុញការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយនិងអប់រំណែនាំដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវជនឲ្យជាសវាងឆ្ងាយពីគ្រឿងញៀន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី