Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបោសសម្អាតមីន២នាក់បានពលីដោយផ្ទុះមីន ក្នុងប្រតិបត្តិការបោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ : ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន អ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនក្រុមគ្រួសារនៃសពអ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និង លោកជំទាវបណ្ឌិត និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមាដោយបានទទួល ដំណឹងអំពីពលីកម្មរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមិនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ បានថ្លែងថា ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោក ស្តាយជាទីបំផុតពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ បាត់បង់សហការី និងមិត្តរួមការងារដ៏អង់អាច ក្លាហាន ដែលតែងបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុមនុស្សធម៌ជា រៀងរហូតមក។ ការបាត់បង់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×