Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំប៉ី ស៧០

ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមចំនួន ២០០គ្រួសារ នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម។ ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម ជាសេនាធិការលើរឿងនេះ បានសហការជាមួយវិស័យឯកជនដូចជារោងម៉ាសុីនកិនស្រូវ ជួយអន្តរាគមន៍ដល់បងប្អូនប្រជាកសិករទាំងអស់អាចលក់ផលស្រូវបាន និងទទួលបានការសង្គ្រោះទាន់ពេលវេលា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×