Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេលនេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ប៉ាគីស្ថាន។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមិនត្រឹមតែជួយពង្រីកកាលានុវត្តភាពវិនិយោគប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលផ្សេងៗទៀត រវាងកម្ពុជានិងប៉ាគីស្ថាន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រនិងវិធានការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលដើម្បីធានាដល់ភាពជោគជ័យរបស់វិស័យឯកជននៅកម្ពុជា ដោយសម្ដេចបវរធិបតីបានលើកឡើងថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដែល​លេីកកម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ។

សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីការជំរុញ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ជាច្រើនរួមមាន​ ជាអាទិ៍​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល​ អប់រំ កសិកម្ម បច្ចេកវិទ្យា កម្មន្តសាល ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×