វីដេអូឃ្លីបមួយដែលត្រូវបានចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលថតបានរូបភាពចោរម្នាក់ផ្លោះឡើងជញ្ជាំងរបង ចូលផ្ទះមួយ ដើម្បីលួចទ្រព្យសម្បត្តិ និងសកម្មភាពដេញតាមចាប់ចោរពីម្ចាស់ផ្ទះ បានធ្វើឲ្យមនុស្សជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរយៈវីដេអូឃ្លីប នៃហេតុការណ៍ដែលបានកើតឡើងនៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃថ្ងៃទី១៩ មករា បានបង្ហាញឲ្យឃើញថា ខណៈពេលដែលបុរស ៥ នាក់ កំពុងដេកនៅក្នុងបន្ទប់យ៉ាងស្កប់ស្កល់ ស្រាប់តែមានជនចម្លែកម្នាក់ បានលួចចូលផ្ទះ ដែលពិតជាមិននឹកស្មានដល់។
ទោះបីជាឃើញបុរសវ័យក្មេង៥នាក់ នៅផ្ទះក៏ដោយ ក៏ចោរនោះនៅតែដើរទៅជិត ដើម្បីយកទូរស័ព្ទនៅនឹងឥដ្ឋ។ ប៉ុន្តែ នៅពេលចោរដ៏ហ៊ាននោះ បន្តព្យាយាមចូលទៅខាងក្នុង ដើម្បីលួចទូរស័ព្ទមួយគ្រឿងទៀតនៅលើតុ ស្រាប់តែបានធ្វើឲ្យយុវជនម្នាក់ក្នុងចំណោម៥នាក់ ភ្ញាក់ដឹងខ្លួន និងស្ទុះងើបស្រែកឲ្យបងប្អូនក្រោក ដេញតាមចាប់ចោរភ្លាមៗ។
វីដេអូកាមេរ៉ាក្រៅផ្ទះ ក៏បានបង្ហាញបុរសម្នាក់ បានតាមទាន់ និងប្រទែងប្រទង់ចាប់ជើងចោរ នៅលើរបង។ ខណៈពេលនោះ ចោរក៏ត្រូវបានឃើញតស៊ូផ្លោះចេញ ខណៈគេបានដឹងថានៅផ្លូវខាងក្រៅ មានគ្នីគ្នាចោរម្នាក់ទៀតកំពុងរង់ចាំ ដោយបានបញ្ឆេះម៉ាស៊ីនម៉ូតូត្រៀមរួចជាស្រេច។
ទោះបីយុវជនម្នាក់នោះ ព្យាយាមឡើងជញ្ជាំងដើម្បីដេញតាមក៏ដោយ ក៏ចោរបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកកាបូបដែលមានឧបករណ៍ដូចជា ខ្សែពួរ ពិល កន្ត្រៃ…។
បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែករំលែក មនុស្សជាច្រើនមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះអំពើចោរកម្មសម្រាប់ឆ្នាំ២០២៥ នេះ។ មនុស្សជាច្រើន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវយកចិត្តទុកដាក់ចាក់សោរទ្វារផ្ទះឲ្យបានល្អ និងរក្សាទ្រព្យសម្បត្តិដោយប្រុងប្រយ័ត្ន និងស្នើដល់អាជ្ញាធរ គួរតែចល័តទៅតំបន់ស្ងាត់ជ្រងំនៅពេលយប់ ដើម្បីកុំឱ្យចោរមានឱកាសហ៊ានធ្វើសកម្មភាពលួចដ៏គ្មានខ្លាចញញើតបែបនេះ។
តែយ៉ាងណាមិញ សម្រាប់ហេតុការណ៍នៅក្នុងឃ្លីបវីដេអូនេះ ត្រូវបានដឹងថាបានកើតឡើងនៅក្នុងប្រទេសវៀតណាម៕