រាជធានីភ្នំពេញ : ថ្ងៃទី២២ ខែមិញ ឆ្នាំ២០២៥ សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការឃាត់ខ្លួនចាងហ្វាងសារព័ត៌មាន០២នាក់ បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ប្រឌិតផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យចលាចលសង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញចាងហ្វាងសារព័ត៌មាន០២នាក់ មក បំភ្លឺជុំវិញផ្សព្វផ្សាយព័ត៌មានករណីញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ប្រឌិតផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យ ចលាចលសង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ក្រោយពីការសាកសួរអ្នកទាំង០២នាក់នោះហើយ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងដោយបានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនចាងហ្វាងសារព័ត៌មាន០២នាក់ ដែលបានបង្ហោះវីដេអូព័ត៌មាន ខ្លឹមសាររូបភាពបែបញុះញង់បង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំភ្លៃព័ត៌មានខុសពីការពិត និងបានកាត់តរូបភាពថ្នាក់ដឹកនាំ ជាមួយវីដេអូប្រើ អំពើហិង្សាមិនដឹងប្រភពច្បាស់លាស់ ដែលជាវីដេអូនៅបរទេស ហើយត្រូវបានសារព័ត៌មានគណនីហ្វេសប៊ុកផេកឈ្មោះ S.A TVHD Live 24h និង គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ខេមបូឌាស្តាដេលីញយ៍ 24/24h យកមកផ្សព្វផ្សាយ សរសេរចំណងជើង «ពិតជាសាហាវព្រៃផ្សៃណាស់ទីតាំងមួយកន្លែងមានក្រុមឧក្រិដ្ឋជនធ្វើទារុណកម្មមនុស្ស និងបើកល្បែង អនឡាញនៅកណ្តាលក្រុងភ្នំពេញក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឱ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹម ផ្កាយលើមេឃអ៊ីចឹង!» និងបានដាក់រូបភាពថ្នាក់ដឹកនាំមួយចំនួនផ្សារភ្ជាប់ជាមួយខ្លឹមសារព័ត៌មាន ដែលផ្ទុយនិងធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន នាំឱ្យមហាជនទូទៅយល់ច្រឡំ និងបង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ ប៉ះពាល់សន្តិសុខជាតិក៏ដូចមុខមាត់ប្រទេសជាតិផងដែរ។ ចាងហ្វាងសារព័ត៌មានដែលត្រូវឃាត់ខ្លួន៖ ១-ឈ្មោះ ដួង អក្ខរា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចាងហ្វាងអង្គភាពសារព័ត៌មាន www.satvkh.com ទីលំនៅ ផ្ទះ១៨ ផ្លូវលេខ២ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រងគណនីហ្វេសប៊ុក ផេកឈ្មោះ៖ S.A TVHD Live 24h។
២-ឈ្មោះ ឡាយ សុជាតិ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរចាងហ្វាងអង្គភាពសារព័ត៌មាន ខេមបូឌាស្តាដេ លីញយ៍ 24/24h ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នក គ្រប់គ្រង់គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ 24/24។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថាការឃាត់ខ្លួនអ្នកសារព័ត៌មាន០២នាក់ខាងលើគឺ សមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនិងការគាបសង្កត់ ឬបំភិតបំភ័យដល់អ្នកសារព័ត៌មានលើសិទ្ធិបញ្ចេញយោបល់ នោះទេ។ យើងក៏សូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានលើការងារផ្សព្វផ្សាយ ព័ត៌មានត្រឹមត្រូវ ដែលមានការទទួលខុសត្រូវខ្ពស់ ដោយដកស្រង់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយមុននឹង ធ្វើការផ្សព្វផ្សាយដើម្បីឱ្យមហាជនទូទៅទទួលបានព័ត៌មានពិតប្រាកដសម្រាប់បម្រើលើផលប្រយោជន៍សង្គមនិងប្រទេសជាតិ។ អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕រក្សាសិទ្ធដោយ៖សុទ្ធលី