អ្នកនឹងស្រឡាំងកាំង នៅពេលធ្វើដំណើរឆ្លងកាត់ដល់នៅចំណុចវាលស្រែ តាមបណ្តោយផ្លូវ សុរិន-ចោមប្រារ មុនដល់ផ្លូវបំបែកភ្លើងស្តុប ស្រុកចោមប្រារ ខេត្តសុរិន្ទ នោះនឹងបានឃើញដើមស្វាយមួយដើម ដែលកំពុងរីកលាស់ផ្កាយ៉ាងស្រស់បំព្រង គ្របដើមទាំងស្រុង ពោលគឺស្លឹកនិងមែករបស់ស្វាយមើលមិនឃើញនោះទេ រហូតត្រូវបានគេហៅថាដើមស្វាយដ៏អស្ចារ្យ។
ដើមស្វាយដ៏ធំដែលមនុស្សពីរនាក់ឱបជុំ មានមែករីកសាខាងយ៉ាងស្រស់ស្អាត ដោយដុះចេញរហូតដល់កម្ពស់ប្រហែល ១០ ម៉ែត្រ ខណៈដែលបើតាមការអង្កេតរកឃើញថា គឺកម្រឃើញមានដើមឈើណារីកផ្កាបែបនេះឡើយ។ សូម្បីតែគល់មែកដែលត្រូវបានកាប់ចេញ ក៏នៅតែដុះពន្លកផ្កា ហើយទងផ្កានីមួយៗមានសុខភាពល្អ និងមានប្រវែងប្រហែល ៧០-៨០សង់ទីម៉ែត្រ។ តាមការសួរនាំ អ្នកភូមិដែលមករកអុសនៅទីនោះ បានឲ្យដឹងថា ដើមស្វាយព្រៃនេះ មានអាយុកាលប្រហែល ៦០-៧០ឆ្នាំ ហើយ។
អ្នកភូមិនោះ ក៏បានឲ្យដឹងថា មនុស្សចូលចិត្តមករើសផ្លែខ្ចី និងពេលផ្លែទុំ រសជាតិរបស់វា គឺជូរ និងផ្អែម ។ ជាធម្មតា ដើមស្វាយនេះ វាមិនដែលរីកផ្កាលាស់អញ្ចឹងទេ ប៉ុន្តែ ឆ្នាំនេះរីកផ្កាច្រើនដ៏មិននឹកស្មាន។
ជាមួយធម្មជាតិដ៏ចម្លែកនេះផងដែរ បើក្រឡេកទៅមើលគល់ដើមស្វាយវិញ គេបានរកឃើញមានការធ្វើពិធី ជាពិសេសសុំលាភសំណាងថ្មីៗ ដោយមានការអុជធូប ភ្ជាប់ជាមួយលេខ៣ខ្ទង់យ៉ាងច្បាស់។ ជាក់ស្តែង លេខដែលបានរកឃើញគឺ 413។ ហេតុនេះ ប្រសិនបើនិយមលេងឆ្នោត មិនមានលេខណាមួយក្នុងចិត្ត ដើម្បីលេងល្បែងទេ នោះពួកគេអាចប្រើលេខនេះ ដើម្បីសាកល្បងផ្សងសំណាង ប្រហែលនឹងទទួលបានសំណាងក្នុងការត្រូវឆ្នោតពុំខាន៕