Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហែម វណ្ណឌី ទទួលជួបទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដើម្បីពិភាក្សាអំពីការពន្លឿនកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបជាមួយគណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសកម្ពុជា និងបានពិភាក្សាអំពីការពន្លឿនកំណែទម្រង់វិស័យទឹកស្អាតរបស់កម្ពុជា។

លោកស្រី Boucher បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ AFD ចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដោយរំលេចការបន្តគាំទ្ររបស់ខ្លួន តាមរយៈការចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើកទី២ កាលពីពេលថ្មីៗនេះ សម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី៣។

នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញការអន្តរជាតិរបស់ AFD បានធ្វើបទបង្ហាញពីលទ្ធផលនៃបេសកកម្មត្រៀម អនុវត្តគម្រោងសិក្សាស្តីពីការរៀបចំស្ថាប័នសម្រាប់វិស័យទឹកស្អាត ដើម្បីរៀបចំសំណើកំណែទម្រង់ សម្រាប់ពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១​ តាមរយៈការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងការផ្តល់សេវាទឹកស្អាត។

ក្នុងឱកាសនោះ AFD ក៏បានប្រគល់ជូនជាផ្លូវការនូវម៉ូដែលគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ទាប់ពីបានអភិវឌ្ឍម៉ូដែល​ និងបណ្តុះបណ្តាលបុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញស្តីពីការប្រើប្រាស់ម៉ូដែលនេះហើយ។ ម៉ូដែលគ្រប់គ្រងហិរញ្ញវត្ថុថ្មីនេះមាន សមត្ថភាពព្យាករចំណាយនៃការផ្តល់សេវាទឹកស្អាត គណនាចំណូល រៀបចំរបាយការណ៍ និងផ្តល់ព័ត៌មានសំខាន់ៗសម្រាប់ការធ្វេីសេចក្តីសម្រេចចិត្តផ្នែកគោលនយោបាយ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ AFD និងបានលើកទឹកចិត្តឱ្យ AFD ពិនិត្យលទ្ធភាពបំប្លែងម៉ូដែលគ្រប់គ្រងហិរញ្ញវត្ថុនេះ សម្រាប់រដ្ឋាករទឹកនៅតាមបណ្តាខេត្តផ្សេងៗទៀត​ អាចប្រេីប្រាស់បានផងដែរ​ ទន្ទឹមនឹងនោះ ធានាឱ្យបាននូវសុចរិតភាព និងសុវត្ថិភាពនៃម៉ូដែលគ្រប់គ្រងហិរញ្ញវត្ថុទាំងនេះ។

ឯកឧត្តមបានផ្តល់ធាតុចូលសំខាន់ៗដល់ជំនាញការរបស់ AFD សម្រាប់ការត្រៀមរៀបចំអនុវត្តការសិក្សានេះ ដោយសង្កត់ធ្ងន់ថា កំណែទម្រង់ត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងណែនាំឱ្យបញ្ជៀសកាតព្វកិច្ចកិច្ចសន្យា ដែលរឹតត្បិតដល់ភាពបត់បែនរបស់រដ្ឋាភិបាលនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ តាមរយៈរដ្ឋាករទឹកសាធារណៈ ក្នុងការដោះស្រាយតម្រូវការដែលមិនទាន់ត្រូវបានបំពេញ និងការកែលម្អសមត្ថភាពប្រតិបត្តិករដែលផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស ដែលមិនទាន់ដំណើរការប្រកបដោយប្រសិទ្ធភាព។

AFD បានស្វាគមន៍ចំពោះធាតុចូលរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគ្រោងយកធាតុចូលទាំងនេះ ដើម្បីកែសម្រួល បេសកកម្មការងាររបស់ក្រុមអ្នកជំនាញការ ក្នុងគោលដៅគាំទ្ររបៀបវារៈកំណែទម្រង់ជាយុទ្ធសាស្ត្រក្នុងវិស័យទឹកស្អាតរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×