ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡា សាំងថង, លោកស្រី ប៉ឹង កល្យាណ និង លោក ជ្រិន បូឡី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងទំនាស់ព្រំដីជាមួយគ្នាដោយជោគជ័យ។
វិវាទពាក់ព័ន្ធនឹងព្រំដីនេះ មានទីតាំងស្ថិតនៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានម្ចាស់ដីម្ខាងជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទតាំងពីអាជ្ញាធរថ្នាក់មូលដ្ឋាន រហូតដល់ តុលាការកំពូល ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ភាគីម្ខាងបានដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី