ខេត្តកំពត : សូមចូលរួមអបអរសាទរដល់យុវជនយុវនារីជាជ័យលាភីទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង ក្រោមការផ្តួចផ្តើមរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដោយមានកិច្ចសហការគាំទ្រពីបណ្តាស្ថាប័នពាក់ព័ន្ធក្នុងការលើកស្ទួយ និងផ្តួចផ្តើមគំនិតអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ទៅតាមសក្តានុពលនិងលក្ខខណ្ឌអំណោយផលរបស់ទីតាំង។
កិច្ចការនេះជាការចូលរួមចំណែកដ៏ប្រពៃបំផុត ជាពន្លកសង្គមថ្មី ជាអ្នកបន្តវេន ក្នុងការរួមគិត ក្នុងដំណើរកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា របស់យើង ឱ្យបានរៀបរយ ខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានថ្លែងថា “ទន្ទឹមនេះ ខ្ញុំសូមគាំទ្រលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ចរបស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្មដោយសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មិនមែនត្រឹមការអភិវឌ្ឍតាមសក្តានុពលរបស់ឆ្នេរតែម្យ៉ាងនោះទេ គឺក្រុង-ខេត្តជារួម ដើម្បីបង្កើតបរិយាកាស និងលក្ខខណ្ឌប្រកប ដោយផ្តើមចេញពីការគិតគូររៀបចំជាទស្សនីយភាព ឬបទពិសោធន៍ថ្មីនិងប្លែក ដើម្បីពង្រីកសក្តានុពលទេសចរណ៍ប្រចាំទីតាំងរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ទាក់ទាញចំណាប់អារម្មណ៍ជាងមុន មានជម្រើស និងរសនិយមសម្បូរបែប សម្រាប់ភ្ញៀវទេសចរមកលម្ហែកម្សាន្ត”។
បន្ថែមលើកត្តាសុខសន្តិភាពជាលក្ខខណ្ឌមូលដ្ឋានដែលមាននាពេលបច្ចុប្បន្ន សូមបន្តគាំទ្រដល់ការគិតគូរពង្រឹងសុវត្ថិភាព សុខុមាលភាព រួមមាន បញ្ហាសំណល់រឹង-រាវ អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ បន្តថែទាំ និងពង្រឹងគុណភាពសេវាកម្មចាំបាច់ មានជាអាទិ៍ ទីកន្លែងស្នាក់នៅក្នុងតម្លៃសមរម្យ ម្ហូបអាហារប្រកបដោយឱជារសមានអនាម័យ សេវាអ៉ីនធើណេតល្អ ដោយចាត់ទុកកិច្ចការទាំងនេះ ជាការងារចាំបាច់ត្រូវគិតគូរបំពេញបន្ថែមជាប្រចាំ សំដៅលើកកម្ពស់ខឿនសេដ្ឋកិច្ចតាមតំបន់ឆ្នេរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជាគុណតម្លៃនៃការរៀបចំសង្គមទៅអនាគតមួយឆ្ពោះទៅមុខ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។
ពិធីប្រកាសនិងប្រគល់ជ័យលាភីកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ “កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” និងការប្រឡងប្រណាំងឆ្នេរខ្សាច់ កម្សាន្តស្អាតលើកទី៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ កាលពីថ្ងៃទី២២ មករា ២០២៥នៅខេត្តកំពត៕ រក្សាសិទ្ធដោយ៖សុទ្ធលី