ថ្មីៗនេះ សារព័ត៌មាន NetEase បានបញ្ចេញរឿងរ៉ាវរបស់ Lin Jing ជាម្តាយមានកូនពីរនាក់នៅទីក្រុង Chongqing ប្រទេសចិន ដែលបច្ចុប្បន្ន កំពុងពេញទទួលការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម។
Lin Jing គឺជាម្តាយដែលមានបេះដូងរឹងមាំ ដោយនាងដឹកកូនទាំងពីរ ទៅលក់ដូរនៅតាមចិញ្ចើមជាមួយរៀងរាល់ថ្ងៃ។ ជាមួយនឹងរូបសម្រស់ដ៏ទាក់ទាញ នាងបានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន។ កន្លងមក មានតារាល្បីៗតាមបណ្តាញសង្គម និងអ្នកបង្កើតប្លុកជាច្រើន បានមកថតរូប និងសម្ភាសន៍នាងជាច្រើនដង។ ទោះជាយ៉ាងណា នាងនៅតែមានជីវិតធម្មតា ក្នុងនាមជាម្ដាយដ៏ពិសេសសម្រាប់កូន។
Lin Jing បានធ្វើការដើម្បីរកប្រាក់ដោយខ្លួនឯង តាំងពីនាងមានអាយុប្រហែល ១៥ ឆ្នាំ មកម្ល៉េះ។ នៅពេលនាងមានអាយុ ១៨ ឆ្នាំ នាងបានលង់ស្នេហ៍នឹងបុរសម្នាក់ ហើយសម្រាលបានកូនប្រុសច្បងម្នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺបេះដូងពីកំណើត។ លុះកូនប្រុសអាយុ៤ឆ្នាំ ឪពុកគំរាមលោតទឹកទន្លេសម្លាប់ខ្លួន និងបាត់ខ្លួនរហូត។ តែប៉ុន្មានឆ្នាំក្រោយមក Lin Jing ក៏បានជួបបុរសម្នាក់ទៀត ហើយសម្រាលបានកូនស្រីម្នាក់។ ប៉ុន្តែដោយសារតែគ្រួសារប្តីក្រោយនេះមិនសប្បាយចិត្តនឹងនាង និងកូនប្រុសឈឺដែលត្រូវការលុយទៀត ទើបនាងសម្រេចចិត្តដើរចេញពីគ្រួសារប្តី ដោយមានតែសំបកខ្លួន និងកូនប្រុសស្រីតូចៗ២នាក់ប៉ុណ្ណោះ។
តែបើទោះជាបន្ទាប់ជួបប្តីមិនសមប្រកបពីរលើក លទ្ធផលសល់តែបាតដៃទទេ និងកូន២នាក់ក្នុងបន្ទុកដ៏កំសត់វេទនាយ៉ាងណាក៏ដោយ ក៏នាងបាននិយាយដោយសប្បាយរីករាយថា ទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងជីវិតរបស់នាង គឺកូនទាំងពីររបស់នាង។ Lin Jing និងកូនពីរនាក់របស់នាង បានបង្កើតតូបនៅតាមផ្លូវនៅពេលថ្ងៃ ដើម្បីលក់ទំនិញផ្សេងៗ។ ខណៈនៅពេលយប់ នាងបានដឹកកូនតូចដាក់នៅលើខ្នង ហើយឲ្យកូនច្បងជួយ រុញរទេះលក់អាហារសម្រន់ ហើយនៅពាក់កណ្តាលអធ្រាត្រ នាងបានលក់ដំឡូងផ្អែម។ ដោយសារគ្មានអ្នកមើលថែកូន ហើយនាងក៏គ្មានលុយជួលអ្នកមើលថែកូន ទើបបង្ខំចិត្តយកកូនមកលក់ដូរជាមួយ។ ហើយកូនៗរបស់នាងសប្បាយចិត្តណាស់ ព្រោះបាននៅជាមួយម្ដាយ។
នាងបានសន្សំលុយដ៏តិតតួចបំផុតរាល់ថ្ងៃ ដើម្បីមានលុយគ្រប់គ្រាន់សម្រាប់ព្យាបាលកូនប្រុស។ រូបកាយរបស់នាងក៏មានជំងឺផងដែរ ព្រោះនាងត្រូវចេញធ្វើការរកស៊ី ដើម្បីចិញ្ចឹមកូនពីរនាក់ ទាំងសរសៃនៅខ្លីនៅឡើយ តាំងពីក្រោយពេលឆ្លងទន្លេ ជាហេតុបណ្តាលឲ្យឈឺសន្លាក់ រាល់ពេលភ្លៀង។ ប៉ុន្តែ នាងនិយាយថា នាងអាចទ្រាំទ្របានដើម្បីកូន និងមិនគិតអ្វីក្រៅពីចង់បានប្រាក់យ៉ាងឆាប់រហ័សដើម្បីរ៉ាប់រងថ្លៃព្យាបាល។
វីដេអូខ្សែជីវិតដ៏កំសត់របស់ Lin Jing បានរីករាលដាល និងបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មនុស្សជាច្រើនបានបង្ហាញពីបំណងចង់បរិច្ចាគ ដើម្បីជួយម្តាយដ៏មានការតស៊ូម្នាក់នេះ ដើម្បីជួយសង្គ្រោះកូនរបស់នាង។ ហើយជាមួយគ្នានោះផងដែរ មនុស្សជាច្រើនក៏បានចាប់អារម្មណ៍ចំពោះស្នេហាបែកបាក់របស់នាង និងសរសើរចេញពីចិត្តថា វាសនាធ្លាក់ដល់ចំណុចនេះនឹងអាចរុញច្រាន Jin Jing ដល់ទីបញ្ចប់នៃសេចក្តីស្លាប់ ប៉ុន្តែនាងនៅតែមិនព្រមបោះបង់ចោលកូនរបស់នាងឡើយ៕