Monday, January 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី ទេព សុភន ប្រធានផ្សារវាលយន្ត កំពុងតែរំលោភអំណាចប្រឆាំងនឹងអាជីវករ ហេតុអ្វីអាជ្ញាធរក្រុងស្វាយរៀងត្រជាក់ល្ហឹមបែបនេះ ?!!

អ្នកស្រី ទេព សុភន ប្រធានផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងបក្ខពួក ព្រមទាំងជាប់ពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀងទៀតផង បានប្រព្រឹត្តសកម្មភាពរំលោភអំណាច ទៅលើអាជីវករ២នាក់ប្ដី-ប្រពន្ធ ឈ្មោះ សួន ផល្លី ប្ដីអាយុ៦៨ឆ្នាំ និងប្រពន្ធឈ្មោះ សេក សាបឿន អាយុ៦៧ឆ្នាំ លក់ក្រណាត់ ផ្កាជ័រ និងគ្រឿងតុបតែងផ្សេងៗ ដោយពួកគេធ្វើទុក្ខបុកម្នេញ , ជេរប្រមាថ , បណ្ដេញឱ្យយកអីវ៉ាន់ចេញពីទីធ្លាដែលធ្លាប់ដាក់អីវ៉ាន់លក់ដូរតាមលំអានចាស់ , ប្រើកម្លាំងសន្តិសុខមកទាត់ឈូសអីវ៉ាន់ , ប្រើមនុស្សឱ្យមកនិយាយប្រាប់ថា មិនទទួលខុសត្រូវលើសន្តិសុខអីវ៉ាន់ , បន្ទាប់មកក៏មានចោរលួចអីវ៉ាន់ពេលយប់ៗក្នុងតូបរបស់គាត់ជាបន្តបន្ទាប់ , បង្កជម្លោះស្ទើរតែមិនលស់ថ្ងៃ , មានមនុស្សមកបន្ទោបង់លាមកមុខតូបលក់ដូររបស់គាត់, បោះកញ្ចប់លាមក និងសំឡីអនាម័យស្ត្រីលើដំបូលតូប និងមុខតូបរបស់គាត់ ស្ទើរជារៀងរាល់ថ្ងៃ, រឿងនេះ បានប្រជុំរកដំណោះស្រាយនៅសាលាក្រុងស្វាយរៀង មួយលើកជាពីរលើករួចមកហើយ ប៉ុន្តែគេនៅតែបណ្ដោយឱ្យប្រធានផ្សាររូបនេះ ធ្វើអីតាមទំនើងចិត្តដដែល។

តាមប្រភពពីអាជីវកររងគ្រោះពីរនាក់កប្ដី-ប្រពន្ធខាងលើនេះ បានឱ្យដឹងថា ប្រធានផ្សារវាលយន្ត អ្នកស្រី ទេព សុភន តែងតែបង្កជម្លោះ រើសអើង ធ្វើទុក្ខបុកម្នេញ មកលើរូបគាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែសកម្មភាពខ្លាំងក្លាស្ទើរតែគ្មាននរណាអាចទប់ចិត្តបាននោះ គឺចាប់តាំងពីថ្ងៃទី៩ ខែមករា មកដល់ ថ្ងៃទី២៥  ខែមករា ឆ្នាំ២០២៥នេះឯង, គឺ ប្រើកម្លាំងសន្តិសុខមកទាត់ឈូសអីវ៉ាន់របស់គាត់… សួរថា តើអ្នកលក់ដូរផ្សេងទៀត ម្ដេចប្រធានផ្សារមិនធ្វើដូច្នេះផង ?! តើពីរនាក់ប្ដី-ប្រពន្ធគាត់ ប្រព្រឹត្តកំផុសអ្វី បើបង់លុយភាស៊ីមិនមានការអាក់ខាន ?! ហើយជាអាជីវករលក់ដូរនៅផ្សារវាលយន្តនេះជិត ៣០ឆ្នាំមកហើយ។ ប្រើមនុស្សឱ្យមកនិយាយប្រាប់គាត់ថា ឈប់ទទួលយកលុយថ្លៃសេវាសន្តិសុខ ដែលធ្លាប់បង់ឱ្យក្នុងមួយខែ ៧ម៉ឺន៥ពាន់រៀលមិនដែលអាក់ខាន ហើយហើយប្រធានផ្សារប្រាប់ថា មិនទទួលខុសត្រូវលើអីវ៉ាន់លក់ដូរក្នុងតូបផ្នែកសន្តិសុខ ហើយបន្ទាប់មក ក៏មានចោរលួចអីវ៉ាន់ពេលយប់ៗក្នុងតូបរបស់គាត់ជាបន្តបន្ទាប់… តើធ្វើបែបនេះមានន័យយ៉ាងម៉េច ?! បង្កជម្លោះស្ទើរតែមិនលស់ថ្ងៃ  ដោយបន្តិចប្រើកម្លាំងអសន្តិសុខមកប្រាប់ថា អញ្ចេះប្រាប់ថា អញ្ចុះ , ឱ្យរើអីវ៉ាន់នេះចេញ រើអីវ៉ាន់នោះចេញ ឥតដាច់រយៈ …។

សូមសួរថា ចុះអាជីវករផ្សេងទៀត ម្ដេចគេលក់ដូរស្រួលម៉្លេះ ធ្វើបាបអីតែពួកខ្ញុំ។, មានមនុស្សមកបន្ទោបង់លាមកមុខតូបលក់ដូររបស់ពួកខ្ញុំញឹកញាប់, មានពេលខ្លះ បោះកញ្ចប់លាមក និងសំឡីអនាម័យស្ត្រីលើដំបូលតូប និងមុខតូបលក់ដូររបស់គាត់ ស្ទើរជារៀងរាល់ថ្ងៃ, សូមសួរថា ផ្សារវាលយន្ត ពេលយប់ និងពេលថ្ងៃ មានកងសន្តិសុខយាមកាមជាប់លាប់ ចុះហេតុអ្វីបណ្ដោយឱ្យមនុស្សចូលមកបន្ទោបង់លាមកមុខតូបពួកខ្ញុំញឹកញាប់ ចុះតូបអ្នកផ្សេងម្ដេចមិនដូច្នេះ ? ទោះបីយើងចាប់ថ្នាក់ ចាប់ភស្តុតាង ចំពោះសកម្មភាពប្រធានផ្សារក្នុងរូបភាពណាមួយមិនបាន ប៉ុន្តែចាប់តាំងពីប្រធានផ្សាររូបនេះបង្កជម្លោះ រើសអើង ធ្វើទុក្ខបុកម្នេញលើពួកខ្ញុំរួចមកសកម្មភាព ឃើញថាសកម្មភាពអាក្រក់ៗដូចខាងលើ តែងកើតមានមកលើតូបលក់ដូររបស់ពួកខ្ញុំញឹកញាប់ណាស់។

CEN បានទៅសម្ភាសន៍ អ្នកស្រី ទេព សុភន ប្រធានផ្សារវាលយន្តផ្ទាល់ដល់ក្នុងផ្សារ ទាក់ទងទៅនឹងសកម្មភាព បង្កជម្លោះ រើសអើង ធ្វើទុក្ខបុកម្នេញ និងការរំលោភអំណាច ដូចបានរៀបរាប់ខាងលើ អ្នកស្រីបដិសេធថា មិនមែនរូបអ្នកស្រីទេ… គឺនិយាយយ៉ាងខ្លី ហើយគេចចេញពីកាមេរ៉ាសម្ភាសន៍។ សំណួរសួរថា បើមិនមែនអ្នកស្រីប្រធានផ្សារបង្កឡើង ចុះហេតុអ្វីចាប់តាំងពីអ្នកស្រីមានជម្លោះជាមួយអាជីវករពីរនាក់ប្ដី-ប្រពន្ធ ឈ្មោះ សួន ផល្លី និង សេក សាបឿន រួចមក, ហេតុអ្វី កើតមានការជេរប្រមាថ , បណ្ដេញឱ្យយកអីវ៉ាន់ចេញពីទីធ្លាធ្លាប់ដាក់អីវ៉ាន់លក់ដូរតាមលំអានចាស់ , ប្រើកម្លាំងសន្តិសុខមកទាត់ឈូសអីវ៉ាន់ , ប្រើមនុស្សឱ្យមកនិយាយប្រាប់ថា ឈប់ទទួលខុសត្រូវលើសន្តិសុខផ្នែកអីវ៉ាន់ , បន្ទាប់មកក៏មានចោរលួចអីវ៉ាន់ពេលយប់ៗក្នុងតូបរបស់គាត់ជាបន្តបន្ទាប់ , បង្កជម្លោះស្ទើរតែមិនលស់ថ្ងៃ , មានមនុស្សមកបន្ទោបង់លាមកមុខតូបលក់ដូររបស់គាត់, បោះកញ្ចប់លាមក និងសំឡីអនាម័យស្ត្រីលើដំបូលតូប និងមុខតូបរបស់គាត់ ស្ទើរជារៀងរាល់ថ្ងៃ បែបនេះ ទៅវិញ… ពិតមែនតែចាប់ភស្តុតាងមិនបាន មិនមែនមានន័យថា អ្នករួចខ្លួននោះទេ ព្រោះអាជីវករពីរនាក់ប្ដីប្រពន្ធនេះ មិនមានជម្លោះជាមួយនរណាផ្សេងឡើយ ក្រៅតែពីប្រធានផ្សារ ប្រធានផ្សារអ្នកស្រី ទេព សុភន ធ្វើទុក្ខបុកម្នេញ រើសអើង រំលោភអំណាច។

មហាជន ក៏ដូចសាធារណជន សូមសួរទៅថ្នាក់ដឹកនាំក្រុងស្វាយរៀង និងថ្នាក់ដឹកនាំខេត្តស្វាយរៀងថា ជាធម្មតា ផ្សារវាលយន្តនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អភិបាលក្រុងស្វាយរៀង និងអភិបាលខេត្តស្វាយរៀង តើហេតុអ្វី បានជាសកម្មភាពរើសអើង ធ្វើទុក្ខបុកម្នេញ ដោយការរំលោភអំណាចរបស់ អ្នកស្រី ទេព សុភន អាងខ្លួនជាប្រធានផ្សារវាលយន្ដនេះ ទៅលើអាជីវករ២នាក់ប្ដី-ប្រពន្ធ ឈ្មោះ សួន ផល្លី និង សេក សាបឿន

ខាងលើ មិនមាននរណាជួយអន្តរាគមន៍ សម្របសម្រួល ដោះស្រាយទៅវិញ?!! ( បើថាអភិបាលខេត្តស្វាយរៀង លោកមិនបានដឹងរឿងនេះ ក៏អាចថាបាន, ប៉ុន្តែអភិបាលក្រុងស្វាយរៀង, មន្ត្រីក្រុងស្វាយរៀងផ្សេងទៀត ក៏បានដឹងរួចទៅហើយ ហេតុអ្វីបណ្ដែតបណ្ដោយឲ្យប្រធានផ្សារ ក្រឡុកកញ្ឆា ធ្វើអ្វីៗទៅលើអាជីវករ តាមទំនើងចិត្តបែបនេះ ?) បើបណ្ដោយបែបនេះ មានតែថ្នាក់ដឹកនាំរដ្ឋបាលក្រុងស្វាយរៀង ចូលរួមសមគំនិតជាមួយនឹងបទល្មើសរំលោភអំណាចដែរ ឬបង្កើតបក្ខពួកនិយមជាមួយប្រធានផ្សារ?! ព្រោះថា បានប្រជុំរកដំណោះស្រាយនៅសាលាក្រុងស្វាយរៀង មួយលើកជាពីរលើករួចមកហើយ ប៉ុន្តែគេនៅតែបណ្ដោយឱ្យប្រធានផ្សាររូបនេះ ធ្វើអីតាមទំនើងចិត្តដដែល។

ខាងក្រោមនេះ CEN សូមលើកឡើងពីទម្រង់ ” បទល្មើស ស្ដីពី រំលោភអំណាច , និងរំលោភអំណាច ប្រឆាំងនឹងបុគ្គល ” ដើម្បីទុកជាតម្រុយតម្រាយ ជូនមន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋបានជ្រួតជ្រាប , តើការរំលោភអំណាច ជាអ្វី ? គឺជាការប្រើអំណាចតួនាទីដែលខ្លួនមាន ទៅរារាំងការអនុវត្តច្បាប់ , រារាំងភាពយុត្តិធម៌ និងប្រឆាំងនឹងបុគ្គលណាមួយដែលស្ថិតក្រោមអំណាចខ្លួន ដូចជា ត្រូវបានប្រព្រឹត្តឡើងដោយមន្រ្តីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមរយៈការបោះឆ្នោត , ឬនៅក្នុងឱកាសបំពេញមុខងាររបស់បុគ្គលណាមួយដែលមានអំណាច , បើនិយាយពីពាណិជ្ជកម្ម គឺបុគ្គលទទួលអាណត្តិ ដោយការដេញថ្លៃបានអាជីវកម្មអ្វីមួយ (ជាក់ស្ដែង ដូចជាដេញថ្លៃបានផ្សារវាលយន្តក្រុងស្វាយរៀងនេះជាដើម) , បន្ទាប់មកពួកគេបានប្រើអំណាចតួនាទី បំពេញការងារដោយខុសច្បាប់ ទៅរារាំងការអនុវត្តច្បាប់ , រារាំងភាពយុត្តិធម៌ , ប្រឆាំងនឹងបុគ្គលផ្សេងទៀត , គំរាមកំហែង , រើសអើង ធ្វើទុក្ខបុកម្នេញ ទៅលើពលរដ្ឋស្លូតត្រង់ ឬអាជីវករស្លូតត្រង់ , សកម្មភាពបែបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងទាមទារ ឬបំពេញប្រយោជន៍អ្វីមួយដល់ខ្លួន ឬបក្ខពួកខ្លួនដែលមានអំណាច, ទាំងនេះ គឺជាសកម្មភាពក្នុងបទល្មើសរំលោភអំណាច , និងរំលោភអំណាចប្រឆាំងនឹងបុគ្គល ដូចរូបភាព សកម្មភាពរបស់ អ្នកស្រី ទេព សុភន ប្រធានផ្សារវាលយន្ត និងបក្ខពួកដូចជា កម្លាំងសន្តិសុខឈ្មោះ ម៉ន ជាដើម។ ចំណែក អភិបាលក្រុងស្វាយរៀង លោក ណុប ចំរើន និងលោកនាយករដ្ឋបាលក្រុងស្វាយរៀង សាំង ឡៃ , ប្រសិនបើ រកឃើញមានសមគំនិតនោះ  ច្បាស់ជានឹងត្រូវជាប់ពាក់ព័ន្ធ បទល្មើស រំលោភអំណាច , និងរំលោភអំណាចប្រឆាំងនឹងបុគ្គល ជាមិនខាន។

បទល្មើស រំលោភអំណាច , និងរំលោភអំណាចប្រឆាំងនឹងបុគ្គល មានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា ៥៨៦ , មាត្រា ៥៨៧ និង មាត្រា ៥៨៨ កំណត់ឱ្យផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០លានរៀល , ហើយបើការប្រព្រឹត្តល្មើសនោះ ស្ដែងចេញជាលទ្ធផល បង្កព្យ:សនកម្មខ្លាំងដល់អ្នករងគ្រោះ កម្រិតទោសនៃការដាក់ពន្ធនាគារ ឡើងដល់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។

អាជីវករ២នាក់ប្ដី-ប្រពន្ធ ឈ្មោះ សួន ផល្លី និង សេក សាបឿន , សូមអំពាវនាវដ៏ទទូចដល់ អាជ្ញាធរក្រុងស្វាយរៀង អភិបាលខេត្តស្វាយរៀង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មេត្តាជួយអន្តរាគមន៍ជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទនាងខ្ញុំផង, ករណីនេះទៀតសោត មហាជន ដែលតាមដានរឿងនេះ លើកឡើងថា អ្នកប្រព្រឹត្តល្មើស ក្នុងពេលដែលគេរកភស្តុតាង មិនទាន់ឃើញ មិនមែនមានន័យថា អ្នកនោះបានរួចខ្លួនជារៀងរហូតនោះទេ វាគង់តែថ្ងៃណាមួយបែកធ្លាយ, បើមិនចង់ឱ្យគេដឹង លុះត្រាណាតែយើងកុំប្រព្រឹត្ត , កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកឡើយ។ CEN នឹងធ្វើការផ្សាយអំពីការយកភាស៊ីលើសសៀវភៅបន្ទុក នៅន្លែង​ផ្ញើ​កង់​ម៉ូតូជុំវិញ​ផ្សារ​វាល​យន្តនេះ , យកភាស៊ីលើ​អ្នក​លក់ដូរ​ កញ្ជើ កញ្ច្រែង ល្អី ក្រាលកន្ទេល និងគ្រែតូចៗ ជាបន្តបន្ទាប់ទៀតនៅពេលក្រោយៗទៀត ដែលសកម្មភាពយកភាស៊ីនេះ ប្រឆាំងនឹងអនុសាសន៍ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាន​ប្រកាស​មិនឱ្យយក​ភាស៊ីលើ​អ្នកលក់ដូរដាក់ កញ្ជើ កញ្ច្រែង ល្អី ក្រាលកន្ទេល និងគ្រែតូចៗឡើយ៕ ពិសិដ្ឋ CEN  

×