ខេត្តព្រះវិហារ ៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។
គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖
-ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។
-ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា
-បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។
ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី