Monday, January 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្រ្កាបក្មេងទំនើងចំនួន១ក្រុម ករណីអំពើហិង្សា ប្រើដាវកាប់ជនរងគ្រោះនិងម៉ូតូ

សៀមរាប ៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីពីការការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង២៤:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងដាវ)កើតហេតុនៅត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយក្មេងទំនើងចំនួន០១ក្រុម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងខេត្តសៀមរាបទាំងមូល បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ចុះស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងចំនួន០២ករណី រហូតដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៩នាក់ ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ៖

ករណីទី១.(ក្មេងទំនើង)ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងដាវ)កើតហេតុនៅវេលាម៉ោង២៤:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖១.ឈ្មោះ តែង សុវឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
២.ឈ្មោះ ចែម ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ គ្មាន ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
៣.ឈ្មោះ សៅ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
៤.ឈ្មោះ ភើយ វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
៥.ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូប ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
៦.ឈ្មោះ សន វល័ក្ខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៦នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនទាំង០៦នាក់ ពិតជាបានធ្វើសកម្មភាពប្រដាប់ដោយដាវចំនួន០១ដើម និងមួកសុវត្ថិភាព វាយ និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ផន ឈុនលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងអង្គុយផឹកស៊ី ត្រង់ចំណុចម្តុំផ្លូវសុខសាន្ត ពិតប្រាកដមែន ចំពោះដាវដែលធ្វើសកម្មភាព ក្រោយពេលកើតហេតុ គឺពួកខ្លួន បោះចោលក្នុងទឹកស្ទឹងបាត់ហើយ មូលហេតុដោយសារក្រុមជនរងគ្រោះ មានទំនាស់ជាមួយបក្ខពួករបស់ខ្លួន ។

ករណីទី២ : (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត កើតហេតុនៅវេលាម៉ោង០២:០០នាទីអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ សំបូរ ណារះ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះ សាន់ វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៣.ឈ្មោះ ឡក លុច ហៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា៖ នៅវេលាម៉ោង២៤:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ពួកខ្លួនទាំង០៣នាក់ ពិតជាបានយកកាំបិតចំនួន០១ដើម ដាក់តាមខ្លួន ហើយជិះម៉ូតូចំនួន០១គ្រឿង ចូលមកក្នុងក្រុងសៀមរាប ដើម្បីតាមរកគូរទំនាស់សងសឹក ដែលមានទំនាស់ជាមួយពួកខ្លួន នៅពេលជិះម៉ូតូរកគូរទំនាស់មិនឃើញ រហូតដល់ម៉ោង០២ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ពួកខ្លួនបាន នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដល់ចំណុចជិតស្ពានអាងក្រពើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់និងឆែកឆេររកឃើញកាំបិត ០១ដើម ដែលពួកខ្លួនដាក់តាមខ្លួន និងនាំខ្លួនយកមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×