ភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។
ក្នុងជំនួបនេះ លោកស្រី ប៊ុត រតនា បានសម្តែងការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការសម្រេចបាននូវសមិទ្ធផលសកម្មភាពមីន នាពេលកន្លងមក និងបានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់ ARMAC ។ លោកស្រី ប៊ុត រតនា បានស្នើសុំឱ្យអាជ្ញាធរមីនបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ។
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់មជ្ឈមណ្ឌល ARMAC រយៈពេលជាង ៨ឆ្នាំ មកនេះ ចាប់តាំងពីការបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ត្រូវបានទទួលការអបអរសាទរ និងគាំទ្រពីបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌល ARMAC ដែលធ្វើជាយន្តការយ៉ាងសំខាន់ ក្នុងការដឹកនាំ និងសម្របសម្រួលធ្វើឱ្យតំបន់អាស៊ានធ្វើការកាន់តែមានជិតស្និទ្ធរវាងរដ្ឋសមាជិកអាស៊ានសម្រាប់វិស័យសកម្មភាពមីន ក្នុងនោះកម្ពុជាក៏បានរួមចំណែកចែករំលែកបទពិសោធន៍សកម្មភាពមីនសម្រាប់ថ្នាក់តំបន់ និងពិភពលោក តាមរយៈយន្តការរបស់ ARMAC នេះផងដែរ។ អាជ្ញាធរមីន នឹងបន្តធ្វើជាដៃគូយ៉ាងរឹងមាំក្នុងការគាំទ្រដល់កម្មវិធីរបស់មជ្ឈមណ្ឌល ARMAC ដើម្បីឱ្យ ARMAC អាចបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់វិស័យសកម្មភាពមីនទាំងថ្នាក់តំបន់ និងពិភពលោក។
ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ គូសបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបាន និងការកសាងទំនាក់ទំនងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ នាពេលកន្លង បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ និងវាយតម្លៃខ្ពស់ថា វិស័យសកម្មភាពមីន បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ផងដែរ ក្នុងការលើកកម្ពស់ និងកសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមបានជម្រាបប្រាប់ដល់ ARMAC ទៀតថា សម្រាប់ឆ្នាំ២០២៥នេះ អាជ្ញាធរមីន បានដាក់នូវផែនការអាទិភាពរបស់ខ្លួន ក្នុងនោះរួមមានការបោសសម្អាតមីន ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន បន្តកិច្ចសន្ទនាជាមួយបណ្តាប្រទេសជាមិត្តនិងដៃគូ ចែករំលែកបទពិសោធន៍សកម្មភាពមីន និងការកៀរគរធនធានគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី