ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៥ បានឲ្យដឹងថា អង្គសន្និបាតជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗ រួមមាន (១) ប្រកាន់ ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិ ជាពិសេសគោរពយ៉ាង ម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាតិ និងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា, (២) មិនអនុញ្ញាតឱ្យមានការជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត និងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះ ណាឡើយ, (៣) គាំទ្រការសន្ទនា និងការទូត ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ ទាំង៣ ក្នុងការចូលរួមក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនានា ពោលគឺ ទី១-ជាយុទ្ធសាស្ត្រដែលគាំទ្រដល់សន្តិភាព និង ការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្ត្រនោះ ដើម្បីប្រឆាំងប្រទេសដទៃ និងទី៣-គាំទ្រដល់មជ្ឈភាពអាស៊ាន និង ទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក និង(៤) បន្តគាំទ្រប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់កម្ពុជានៅក្នុងអាស៊ាន ក៏ដូច ជាក្នុងអង្គការតំបន់ និងអន្តរជាតិដទៃទៀត រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌។
ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងស្មារតីនេះ បន្ត លើកកម្ពស់ការអនុវត្តពាក្យស្លោក “អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុ ទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ “សុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី