Wednesday, January 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រេីនក្នុងការកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនេីបនេះ ទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម ប្រការសំខាន់ត្រូវមានការសហការរួមគ្នា កសាងទំនុកចិត្តជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងមាននិរន្តរភាព។

ដោយយល់ឃេីញពីផលប្រយោជន៍យូរអង្វែង ប្រជាកសិករផលិតស្រូវ បានឯកភាពរួមគ្នាក្នុងការបង្កេីតសហគមន៍កសិកម្មទំនេីបនេះឡេីង និងស្នេីសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងច្បាប់ដេីម្បីចុះបញ្ជី ព្រមទាំងងាកមកដាំពូជស្រូវសែនក្រអូបដែលមាន ៥០០ហិកតាស្រាប់ និងបន្តពង្រីកសក្តានុពលនៃពូជក្នុងស្រុកនេះចំនួន ៣ ១៥៨ ហិកតានារដូវក្រោយក្នុងខែមេសានេះ ជាមួយនឹងកិច្ចសន្យាផលិតកម្ម និងមានតម្លៃទីផ្សារខ្ពស់។

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបេសកកម្មចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក ក្នុងគោលបំណងពិនិត្យមេីលសណ្ឋានភាពទឹកសម្រាប់ស្រែប្រាំងរបស់ប្រជាកសិករក្នុងស្រុកបារាយណ៍នេះ ដេីម្បីកុំឱ្យមានការខ្វះខាត និងអាចគ្រប់គ្រងបានដោយមិនប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×