ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ២៧ មករា២០២៥នេះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករតាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិត ពោលគឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែនិងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បន្តថា៖ អភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ ត្រូវចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ មិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងពាក្យថា ពេលស្រវឹងកុំបើកបរជាដើម។ត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម។ការដុតផាវ វាមិនចំណេញទេ នៅចិនគេលែងដុតហើយ យើងល្មមបញ្ចប់ហើយ។ ណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យខណ្ឌទាំង១៤ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង។បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោតឡូតូជាដើម។ ដោយឡែកនៅតំបន់ស្មុគស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេស ប្រជាការពារ សង្កាត់ ចុះទៅពិនិត្យតាមដានពួកគាត់ជាមួយនិងការណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះគ្រប់គ្រងជនឥន្តោប្រវេស្ស ក៏ត្រូវធ្វើឱ្យបានល្អ ដាក់ខាតត្រូវឱ្យពួកគាត់គោរពច្បាប់ប្រទេស មិនចេះតែធ្វើអ្វីតាមចិត្តទេ ប្រទេសយើងមានច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី