Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពី កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”

ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”នេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

តាមរយៈសារវីដេអូមួយ ប្រមាណជាង៧នាទី នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកអំពីសាវតានៃការដោះស្រាយផ្តល់ដីជូនប្រជាពលរដ្ឋ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ដែលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជន គឺរាជរដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋ នៅឆ្នាំ១៩៨៥ និងទទួលស្គាល់លើដីកម្មសិទ្ធិឯកជននៅឆ្នាំ១៩៨៩។

សម្តេចបានបន្តថា៖ «នៅក្នុងន័យនេះ យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ»។

សម្តេចបវរធិបតី បានថ្លែងថា ដើម្បីអនុវត្តកម្មវិធីនេះឱ្យជោគជ័យ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការ «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលហៅកាត់ថា ផ.ក.អ។ លេខាធិការដ្ឋាន ផ.ក.អ នឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយនឹងអាចចាប់ផ្តើមទទួលពាក្យប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។

តាមរយៈការថ្លែងការណ៍ពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បាននិងកំពុងយកចិត្តទុកដាក់លើការកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដ៏ដូចជាបន្តផ្ដល់ដីសម្បទានសង្គកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ គ្រួសារទ័ព នគរបាលជាតិនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។ តាមរយៈកម្មវិធី ផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ ត្រូវបានរដ្ឋផ្ដល់ដីជូន ព្រមទាំងជួយការរៀបចំជាភូមិករជូន ហើយប្រជាពលរដ្ឋដែលនឹងទៅរស់នៅទីនោះអាចនឹងចងក្រងជាសហគមន៍ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ (យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ)៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×