Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

( Update ) លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់កំហុស និងយល់ព្រមសុំទោសជាសាធារណៈ ខណ:ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ 

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សា លើខ្លឹមសារ ដែលបានផ្សព្វផ្សាយវីដេអូរបស់ លោក សក្ខី ភគវន្ត សាស្តានៃសមាគម ទេវ សក្ខី ភគវន្ត ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពី ករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត), កិច្ចប្រជុំនេះធ្វើឡើង នៅបន្ទប់ផ្កាក្រវ៉ាន់ ទីស្តីការក្រសួងធម្មការនិងសាសនា។

ជាលទ្ធផល អង្គប្រជុំបានសម្រេចដូចខាងក្រោម ÷

១- លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រម ពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា, យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា។

២- យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។

៣- ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគមនេះ។

គួររំលឹកមុននេះបន្តិចថា ពាក់ព័ន្ធនឹងបុគ្គល លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ត្រូវបានសម្ដេចសង្ឃ ព្រះសង្ឃ ព្រះថេរានុត្ថេរៈ ប្រជាពុទ្ធបរិស័ទ ប្រជាពុទ្ធសាសនិក ធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះពាក្យសម្ដី និងឥរិយាបថរបស់បុគ្គលម្នាក់នេះ ដែលប្រើពាក្យប្រមាថថាព្រះត្រៃបិដកមិនគ្រប់ទឹក, អ្នកបួស ជាបន្ទុកប្រជាពលរដ្ឋ… ជាដើម , ក្នុងនោះ គឺលេខាធិការដ្ឋានគណៈសង្ឃនាយក បានស្នើសុំក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលម្នាក់នេះ ដែលបានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត និងសមាគមទេវ សក្ខី ភគវន្ត ឱ្យម៉ឺងម៉ាត់បំផុត។

បើតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោស យ៉ាងដាច់អហង្ការចំពោះ មេក្រុមសមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ, ទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ និងត្រូវបានតម្កល់ជាប្រយោជន៍សង្គម និងពិភពលោក៕  ពិសិដ្ឋ CEN

×