Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

សៀមរាប ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ មករា ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន បានមានប្រសាសន៍ថា ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ភ្ញៀវទេចរណ៍។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបោះជំហានទៅមុខលើគ្រប់វិស័យក្នុងដំណើរឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដើម្បីមោទនភាពជាតិខ្មែរ។

ជាការដាក់ឱ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។

រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និង ជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។

រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និង ក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×