Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី

រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បាន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ក្នុងអំឡុងពេលជួបសម្តែងការ គួរសម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានរំលឹកអំពីព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ រួមមានដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម បណ្ឌិត Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Olaf Scholz អធិការបតី អាល្លឺម៉ង់ ងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាល ពីខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានកត់សម្គាល់ដោយ ការពេញចិត្តចំពោះទំនាក់ទំនង ដែលកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍប្រកបដោយ និរន្តរភាព ការបោសសម្អាតមីន និងថាមពល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Messerer បានយល់ស្របគ្នាថា ប្រទេសទាំងពីរនៅមានឱកាសជាច្រើនទៀត ពាណិជ្ជកម្មទ្វេភាគី ដែលមានលើសពី១ប៊ីលានដុល្លារអាមេរិក នាឆ្នាំកន្លងទៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើប្រទេសទាំងពីរពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងការលើកកម្ពស់ និងការពារការវិនិយោគរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះការរួមចំណែកដ៏មានតម្លៃរបស់អាល្លឺម៉ង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន បានស្វាគមន៍ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អាល្លឺម៉ង់មកលើកម្ពុជា។ ឯកអគ្គរដ្ឋទូត Messerer បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ខណៈពេលដែលប្រទេសទាំងពីរកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

ក្នុងជំនួប ភាគីទាំងពីរបានគូសបញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានលើកឡើងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×