ភ្នំពេញ: លេខាធិការដ្ឋានគណៈសង្ឃនាយក បានស្នើសុំក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលម្នាក់ដែលបានហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្តរូបនេះ និងសមាគមទេវ សក្ខី ភគវន្ត ឱ្យម៉ឺងម៉ាត់បំផុត។
បើតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោស យ៉ាងដាច់អហង្ការចំពោះមេក្រុមសមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃ ព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។ ទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។
បុគ្គលនេះ មានគំនិតទុច្ចរិត បាននិយាយបកស្រាយបំភាន់ ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃ ថាជា បុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក ជាដើម។
មនោគមវិជ្ជាដែលមេដឹកនាំ សមាគមទេវ សក្ខី ភគវន្ត កំពុងតែផ្សព្វផ្សាយសាបព្រោះនាពេលបច្ចុប្បន្ន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផេក (Facebook Page) ឈ្មោះសមាគមទេវ សក្ខី ភគវន្ត គឺពិតជាបានធ្វើ ឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ ដែលធ្លាប់មានសុខដុមនីយកម្មរួមគ្នាជាយូរណាស់ មកហើយ ក្រោមម្លប់សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងលើកស្ទួយ គោរពប្រតិបត្តិ និងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។
ដើម្បីការពារតម្លៃព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្មែរដ៏ល្អផូរផង់របស់ជាតិ លេខាធិការដ្ឋានគណៈសង្ឃ នាយក ស្នើសុំក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលរូបនេះ និងសមាគមទេវ សក្ខី ភគវន្ត ឱ្យម៉ឺងម៉ាត់បំផុត៕ រក្សាសិទ្ធដោយ៖ សុទ្ធលី