នេះជាករណីថ្មី បង្កឲ្យមានការភ្ញាក់ផ្អើលទៀតហើយ ខណៈដែលឃើញគ្រួសារមួយបានថតបង្ហាញឲ្យបងប្អូនមហាជនបានឃើញបានដឹង នូវរឿងដ៏មហាសែនហួសចិត្ត ពីល្បិចរបស់អ្នកលក់ក្តាមគំនិតខូចមួយកន្លែងនៅឆ្នេរកែប ដោយលក់កេងចំណេញស៊ីគីឡូដ៏ជ្រុលហួស ខណៈក្តាម ២ គីឡូ តម្លៃស្មើ ១៤ ម៉ឺនរៀល តែសាច់ក្តាមបានតែ ៨ ខាំ ប៉ុណ្ណោះ។
ជាក់ស្តែង ខណៈកំពុងរៀបចំហូបជុំគ្នា បុរសជាកូនម្នាក់ ក្នុងចំណោមគ្រួសារមានឪពុកម្តាយរបស់គាត់ បានបង្ហាញភស្តុតាងស្តែងៗ និងបានលាន់មាត់ដ៏ហួសចិត្តបែបនេះថា លោកអើយលោក! ក្តាមថ្មតែ ៤ សោះ ២គីឡូ បងប្អូនមើលចុះ គ្រាន់តែខ្សែចំណង ១គីឡូ ហើយជ្រលក់ទឹកទៀត! មិននឹកស្មានអ្នកលក់សម័យនេះ គំនិតអាក្រក់អាក្រីដល់ថ្នាក់ហ្នឹង។
ពិតណាស់ ក្រោយពីបានករណីទើបបែកធ្លាយថ្មីនេះរួចភ្លាម មហាជនអ្នកលេងបណ្តាញសង្គម បានសម្តែងការហួសចិត្តថា «រកស៊ីតែគំនិតអាក្រក់ចឹង ដល់គេលែងទិញ តាំងស្រែកថា ស្ងាត់ភ្ញៀវ…, សូមមន្រ្តីពាក់ពាក់ព័ន្ធ ចុះពិនិត្យមើលរឿងនេះផង ព្រោះគ្រាន់តែខ្សែចំណងក្តាម ព្រះអើយចង់១គីឡូ សង្ស័យតែយកអាវភ្ញៀង មកធ្វើចំណងហើយមើលទៅ!?,…»។
គួរបញ្ជាក់ថា នេះមិនមែនជារឿងថ្មីនោះទេ សម្រាប់ក្រុមអាជីវករផ្សារក្តាមគំនិតខូចមួយចំនួន នៅខេត្តកែប ព្រោះកន្លងៗមក ឲ្យតែរាល់រដូវបុណ្យទាន មានភ្ញៀវបុកទៅលេងម្តងៗ នោះគឺជាឱកាសដែលពួកគាត់មួយចំនួនតូច តែងតែលក់ដូរធ្វើស៊ីកោរភ្ញៀវទេសចរ តាមរយៈលក់បន្លំភ្នែកជញ្ជីង ថ្លឹងគ្រឿងសមុទ្រមិនគ្រប់ទម្ងន់ និងល្បិចកេងចំណេញផ្សេងៗទៀត ហើយជាលទ្ធផល អាជ្ញាធរឈានឃាត់ខ្លួនស្រ្តីអាជីវករម្នាក់ ដើម្បីធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រកស៊ីលក់ដូរកោរគេបែបនេះទៀត៕






