Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣

ព្រះវិហារ ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ។
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាពគ្រុប ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ បងប្អូនកម្មករ កម្មការនី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងភ្ញៀវកិត្តិយស សរុបចំនួនប្រមាណ ៣០០០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នាឱកាសនេះ។ ឯកឧត្តមបានបន្តថា សមិទ្ធផលនេះនឹងជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅក្នុងខេត្តព្រះវិហារ និងទូទាំងប្រទេស។ ឯកឧត្តមបានបន្ថែមថា ពិធីសម្ពោធនាឱកាសនេះ បានប្រព្រឹត្តទៅក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនទ្រី ភាព អឹមផត អិចផត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងសម្រេចបាន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសផ្នែកដំណាំកៅស៊ូ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ ឯកឧត្តម គីម រិទ្ធី និងរដ្ឋបាលខេត្តព្រះវិហារ ចំពោះសមិទ្ធផលថ្មីៗសេដ្ឋកិច្ច និងសង្គមជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសវិស័យកសិកម្ម និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់រដ្ឋបាលខេត្តចំពោះ ក្រុមហ៊ុនទ្រី ភាព អឹមផត អិចផត តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់មានដំណើរការល្អប្រសើរនាពេលនេះ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងការងារស្រាវជ្រាវដំណាំកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងលម្អិតថាក្រសួងបានបង្កើតក្លូនកៅស៊ូថ្មីចំនួន០២ គឺ CRRI 12 និង CRRI 19 ដែលផ្ដល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថានកម្ពុជា និងត្រូវពង្រីកការដាំដុះឱ្យកាន់តែទូលំលាយនាពេលខាងមុខ។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

មានប្រសាសន៍ជូនដល់អង្គពិធីទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ជូនចំពោះលោកយាយ លោកតា អុំ ពូ មីង និងក្មួយៗ សិស្សានុសិស្សដែលបានចូលរួម ព្រមទាំងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តព្រះវិហារ ជាពិសេសអ្នក ឃុំរមណីយ ស្រុករវៀង នូវសមិទ្ធផលថ្មី ដែលនឹងចូលរួមជំរុញឱ្យមានការងារ ក្នុងស្រុកបន្ថែមក្នុងមូលដ្ឋាន ជាពិសេសខេត្តព្រះវិហារផ្ទាល់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចអំពីភាពសំខាន់នៃការចូលរួមរបស់វិស័យឯកជន ដែលបានអនុវត្តការងារស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញវិស័យឯកជនអនុវត្ត និងលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម ក៏ដូចជាការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី