Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទវិចារណកថា ÷ តៃវ៉ាន់ មើលឃើញតែជ្រុងម្ខាងលើប្រទេសកម្ពុជា ពាក់ព័ន្ធការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត

កាលពីពេលថ្មីៗនេះ តៃវ៉ាន់ បានចេញសេចក្តីប្រកាសដែលកំណត់ទោសលើប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំដែលមានការឆបោក និងក្លែងបន្លំតាមអ៊ីនធើណេតច្រើនជាងគេ ក្នុងនោះ មានដូចជា ឡាវ ថៃ វៀតណាម មីយ៉ានម៉ា និងកម្ពុជា ដែលត្រូវបានកំណត់ជាប្រទេសដែលមាន «ហានិភ័យខ្ពស់» ជាងគេបំផុត ករណីបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត។

ក្នុងន័យការពារប្រជាពលរដ្ឋរបស់ខ្លួន ការិយាល័យអន្តោប្រវេសន៍ និងអាកាសចរណ៍របស់តៃវ៉ាន់ បានប្រកាសឱ្យប្រជាពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នពីការបោកប្រាស់ផ្សេងៗ និងថែមទាំងបានផ្សព្វផ្សាយមិនឱ្យពលរដ្ឋខ្លួន ធ្វើដំណើរមកកាន់កម្ពុជា។ រាល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងកោះតៃវ៉ាន់ តម្រូវឱ្យចូលរួមក្នុងការផ្សព្វផ្សាយអំពីបញ្ហានេះ។ ការណ៍នេះ បានជំរុញឱ្យប្រជាជនតៃវ៉ាន់មានការយល់ច្រឡំ និងគិតអវិជ្ជមានមកលើប្រទេសកម្ពុជា។​ ការវាយតម្លៃមកលើប្រទេសកម្ពុជាដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយ និងការវាយតម្លៃលឿនពេកពីសំណាក់កោះតៃវ៉ាន់ គឺមិនបានឆ្លុះបញ្ជាំងអំពីទិដ្ឋភាពជាក់ស្ដែងនៃប្រទេសកម្ពុជានោះឡើយ។

ប៉ុន្មានថ្ងៃបន្ទាប់ពីសេចក្តីប្រកាសព័ត៌មាន ជាសាធារណៈរបស់តៃវ៉ាន់ខាងលើ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរកម្ពុជា បានសម្តែងនូវការមិនពេញចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះការណែនាំរបស់ក្រសួងមហាផ្ទៃតៃវ៉ាន់។ លោកជំទាវបញ្ជាក់​ផងដែរថា ​បញ្ហា​ឆបោក និងក្លែងបន្លំ​នៅតាមអ៊ីនធើណេត គឺជាបញ្ហា​សាកល មិនគួរដាក់បន្ទុកមកលើប្រទេសកម្ពុជាចំៗបែបនេះឡើយ, «ការផ្សព្វផ្សាយនូវព័ត៌មានបែបនេះ អាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាខ្លាំង និងធ្វើឱ្យប្រទេសដែលជាដៃគូអភិវឌ្ឍរបស់កម្ពុជា មានការភ័ន្តច្រលំផងដែរ, ហើយព័ត៌មានទាំងនេះ ជាការផ្សព្វផ្សាយមានភាពអយុត្តិធម៌ ដែលបង្កើតឱ្យមានការភ័ន្តច្រឡំដល់សាធារណជន​ និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងកោះតៃវ៉ាន់ និងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតផងដែរ។

គេកត់សម្គាល់ថា ការយល់ឃើញរបស់សង្គមតៃវ៉ាន់មកលើកម្ពុជា ថា ជាប្រទេសដែលមានការឆបោក និងក្លែងបន្លំ​នៅតាមប្រព័ន្ធអ៊ីនធើណេតខ្ពស់ជាងគេក្នុងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ
គេហទំព័រដ៏ល្បីមួយឈ្មោះថា «PTT» របស់តៃវ៉ាន់បានដាក់បញ្ចូលមាតិកាដោយមានភ្ជាប់ចំណងជើងថា
«ការបោកប្រាស់នៅប្រទេសកម្ពុជា (CAMBODIA SCAMS)» ។ បណ្ដាញសង្គមរបស់តៃវ៉ាន់ បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនមានភាពគ្រប់ជ្រុងជ្រោយនេះ ដោយពួកគេបានផ្សព្វផ្សាយថា ការធ្វើដំណើរមកកម្ពុជាដើម្បីបំពេញការងារ ឬក្នុងដំណើរទេសចរណ៍ នឹងប្រឈមបញ្ហាឆបោកជាក់ជាមិនខាន។

ក្នុងបណ្ដាញសង្គមតៃវ៉ាន់ គេបានប្រើប្រាស់ពាក្យ «កម្ពុជា» ប្រៀបទៅនឹងការឆបោក ដោយលើកយកសំណុំរឿងដែលកើតឡើងនៅក្នុងឆ្នាំ២០២២ នៅទីក្រុងតាយយាន កោះតៃវ៉ាន់ ពាក់ព័ន្ធទៅនឹងការបោកប្រាស់បុគ្គលិកជនជាតិតៃវ៉ាន់ចំនួន ៦១នាក់ ពីសំណាក់ជនទុច្ចរិតក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រយូធូបរបស់ជនជាតិតៃវ៉ាន់មួយដែលមានឈ្មោះថា «Goodnight Chicken» បានបង្ហោះវីដេអូមួយដែលនិយាយថា គាត់ត្រូវបានគេចាប់ពង្រត់ និងធ្វើបាបនៅក្នុងខេត្តព្រះសីហនុ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដូចជា BBC DW RFA ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមការអង្កេតរបស់ក្រុមមន្រ្តីជំនាញបានបញ្ជាក់ថា “Goodnight Chicken” និងបក្ខពួក មានចេតនាធ្វើដំណើរមកកម្ពុជា ដើម្បីបង្កើតមាតិកាក្លែងក្លាយដើម្បីទទួលបានការចាប់អារម្មណ៍លើប្រព័ន្ធអ៊ីនធើណេត។ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកគេត្រូវបានកាត់ទោសពីបទ «ញុះញង់ និងបង្កភាពវឹកវរក្នុងសង្គម» និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល (១ ០០០ ដុល្លារ)។

សម្ដេចបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរមិនអត់ឱន និងប្រកាសដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកផលិតមាតិកាណាដែលមានចេតនាផលិតមាតិកាក្លែងក្លាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។ ការបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងមិនប្រាកដប្រជារបស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បាននិងកំពុងរុញច្រានកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលពោរពេញទៅដោយការបោកប្រាស់ និងភាពក្លែងបន្លំទូទាំងផ្ទៃប្រទេសដែលហាក់ដូចជាខ្វះការគោរពមកលើកម្ពុជា  និងផ្ទុយពីការពិត ដែលកម្ពុជា​ ជាប្រទេសមាន ប្រវត្តិសាស្ត្រ​ វប្បធម៌​ដ៏​ល្អផូរផង់ សម្បូរបែប និងកំពុងអបអរសាទរជាមួយនឹងសន្តិភាពយ៉ាងពេញលេញ​។

ជាក់ស្ដែង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់យុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត រហូតទៅដល់ការបង្កើតឡើងនូវ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត ដែលជាក្រុមការងារពិសេស ដឹកនាំ ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្ដង។

ក្រៅ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ ​តៃវ៉ាន់​ក៏ធ្លាប់បានវាយប្រហារមកលើប្រទេសកម្ពុជាដោយផ្ទាល់ពីស្ថាប័ន
សាធារណៈផងដែរ, ជាក់ស្ដែង កាលពីឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់បានបោះពុម្ពឯកសារមគ្គុទ្ទេសក៍វិនិយោគដោយបានរិះគន់កម្ពុជាចំៗ ចំពោះកំរិតគ្រប់គ្រងរដ្ឋបាលទាបរបស់កម្ពុជា និងអំពើពុករលួយដែលតែងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលបានជះឥទ្ធិពលអវិជ្ជមានលើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយបណ្តាប្រទេសដទៃទៀត។ ការវាយតម្លៃទាំងអស់របស់តៃវ៉ាន ភាគច្រើនផ្អែកលើករណីបញ្ហាបុគ្គល ឬព័ត៌មានគ្មានប្រភពច្បាស់លាស់ ហើយកង្វះខាតការស្រាវជ្រាវស៊ីជម្រៅក៏ជាផ្នែកមួយដែលជាហេតុធ្វើឱ្យមានការភ័ន្តច្រលំ។

កិច្ចសហប្រតិបត្តិការកម្ពុជា-តៃវ៉ាន់ គួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក យកចិត្តទុកដាក់ប្រកបដោយតុល្យភាព និងកិច្ចសន្ទនាបែបស៊ីជម្រៅដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង និងបញ្ហាដែលអាចនឹងកើតមានឡើងបន្ថែមទៀតនាពេលខាងមុខ។ ដើម្បីកាត់បន្ថយការយល់ច្រលំរវាងគ្នា និងគ្នា ភាគីទាំងពីរគួរតែមានកិច្ចសន្ទនា ជាមួយគ្នា ដើម្បីជជែកវែកញែកឱ្យដាច់ស្រាច់ និងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

តៃវ៉ាន់ គួរសិក្សាឱ្យបានស៊ីជម្រៅអំពីដើមចមនៃបញ្ហា និងអាចរាយការណ៍មករដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយរួម ដែលជាផលប្រយោជន៍របស់ប្រជាជនទាំងពីរ និងណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ប្រកាន់ខ្ជាប់នូវគោលការណ៍ផ្សព្វផ្សាយព័ត៌មានដែលមិនប្រឌិត និងគ្រប់ជ្រុងជ្រោយ ដោយមិនចោទប្រកាន់ប្រទេសណាមួយដោយគ្មានភស្តុតាងច្បាស់លាស់នោះឡើយ។ បន្ថែមពីនេះ សារព័ត៌មានកម្ពុជា និងតៃវ៉ាន់ គួរសហការគ្នាក្នុងការផ្តល់ព័ត៌មានពិត និងតម្លាភាពពាក់ព័ន្ធនឹងការស៊ើបអង្កេតលើបញ្ហាសំខាន់ៗមួយចំនួន និងបង្កើនការផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនតាមអ៊ីនធើណេត និងកាត់បន្ថយការជួញដូរមនុស្សនៅកម្ពុជា។

កម្ពុជា គប្បីជំរុញបន្ថែមទៀតនូវការផ្សព្វផ្សាយអំពីព័ត៌មានតាមរយៈការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ទាក់ទាញការវិនិយោគបរទេស និងកាត់បន្ថយអំពើពុករលួយ តាមរយៈការធ្វើកំណែទម្រង់ ក៏ដូចជាវប្បធម៌របស់ខ្លួនដល់សាកលលោក និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដៃគូ ដើម្បីទាក់ទាញវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។ ការផ្សព្វផ្សាយដោយភ្ជាប់ជាមួយនូវសារគន្លឹះ ដូចជា វិធានការបង្ក្រាបជនឆបោកតាមប្រព័ន្ធ អ៊ីនធើណេត និងវិធានការទប់ស្កាត់នានា​ ដើម្បីកាត់បន្ថយការយល់ច្រឡំ និងស្ដារឡើងវិញនូវជំនឿទុកចិត្តពីសំណាកប្រជាជនតៃវ៉ាន់ និងបណ្ដាប្រទេសដទៃទៀត ដែលកំពុងមើលឃើញតែពីភាពអវិជ្ជមានរបស់កម្ពុជា ក៏ជាកត្តាសំខាន់ ដែលធ្វើ​ឱ្យកម្ពុជាអាចស្តារឡើងវិញនូវទំនុកចិត្តទាំងក្នុងស្រុក និងក្រៅស្រុក ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះតម្លាភាព យុត្តិធម៌ និងនីតិរដ្ឋ ៕ CEN