រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការបញ្ជាក់សញ្ញាបត្រមកពីក្រៅប្រទេសក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ឆ្លើយតបនឹងការលើកឡើងពាក់ព័ន្ធនឹងការបញ្ជាក់សញ្ញាបត្រពីបរទេស ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំដល់ក្រុមការងារជំនាញសូមរៀបចំសេចក្តីថ្លែងការណ៍ពន្យល់បង្ហាញពីយន្តការនៃការបញ្ជាក់សញ្ញាបត្រ របាយការណ៍វិភាគពីដំណើរការនៃការបញ្ជាក់សញ្ញាបត្រ និងផ្សព្វផ្សាយប្រកបដោយតម្លាភាព ទូលំទូលាយ និងភាពច្បាស់លាស់ដើម្បីធានានិងបង្កើនទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធអប់រំនៅកម្ពុជា ខណៈក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
សូមបញ្ជាក់ថាក្នុងឆ្នាំ២០២០ ក្រសួងបានពន្លឿនការងារបញ្ជាក់សញ្ញាបត្រដោយតម្រូវឱ្យអ្នកស្នើសុំអាចទាញយកពាក្យស្នើសុំបញ្ជាក់សញ្ញាបត្រតាមរយៈ QR Code នៅក្នុងគេហទំព័ររបស់ក្រសួង និងអនុវត្តតាមនីតិវិធីដោយរៀបចំឯកសារជា PDF រួចផ្ញើឯកសារនោះតាមប្រព័ន្ធឌីជីថល Telegram ដោយមិនចាំបាច់មកដាក់ពាក្យស្នើសុំផ្ទាល់នៅការិយាល័យរដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡាដូចមុនទេ។ ការអនុវត្តតាមប្រព័ន្ធឌីជីថលបែបនេះជួយ៖ ១). កាត់បន្ថយរយៈពេលនៃដំណើរការបញ្ជាក់ ២). អ្នកស្នើសុំមិនចាំបាច់ធ្វើដំណើរមកក្រសួង ៣).មិនត្រូវការថតចម្លងឯកសារផ្សេងៗដោយត្រូវការច្បាប់ដើមតែប៉ុណ្ណោះដើម្បីស្កែនភ្ជាប់ ៤). អ្នកស្នើសុំអាចទាក់ទងដោយផ្ទាល់និងគ្រប់ពេលវេលា (ពីថ្ងៃចន្ទ-អាទិត្យ ២៤ម៉ោងក្នុង១សប្តាហ៍) ដើម្បីសាកសួរព័ត៌មានទាក់ទងនឹងការដាក់ពាក្យ ការរៀបចំឯកសារភ្ជាប់ និងចម្ងល់ផ្សេងៗ (លក្ខខណ្ឌនៃការភ្ជាប់ឯកសារមានជូនភ្ជាប់ក្នុងពាក្យស្នើសុំ) មកនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា។
សម្រាប់យន្តការនៃការពិនិត្យនិងរៀបចំចេញលិខិតបញ្ជាក់ បន្ទាប់ពីទទួលបានពាក្យស្នើសុំជា PDF រួចមក មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានឹងអញ្ជើញសាមីអ្នកស្នើសុំដើម្បីយកឯកសារច្បាប់ដើមមកពិនិត្យផ្ទៀងផ្ទាត់និងអនុវត្តតាមនីតិវិធីបន្តបន្ទាប់ដូចជា៖
១. ពិនិត្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្របណ្ឌិតរបស់អ្នកបេក្ខជនស្នើសុំ។
២. ពិនិត្យភាពត្រឹមត្រូវនៃគ្រឹះស្ថានបណ្តុះបណ្តាលនៅក្រៅប្រទេសដែលមានការទទួលស្គាល់ពីស្ថាប័ន មានច្បាប់អនុញ្ញាត ចៀសវាងពីគ្រឹះស្ថានដែលមិនមានច្បាប់អនុញ្ញាតនៅសាមីប្រទេសផ្តល់សញ្ញាបត្រ ដូចជា៖ ពិនិត្យតាមគេហទំព័រគ្រឹះស្ថានឬគេហទំព័រផ្ទៀងផ្ទាត់ផ្លូវការទទួលស្គាល់ដោយក្រុមប្រឹក្សាឧត្តមសិក្សានៃប្រទេសផ្តល់សញ្ញាបត្រជាដើម។
៣. ពិនិត្យភាពត្រឹមត្រូវនៃឯកសារយោងរបស់អ្នកស្នើសុំ មុននឹងរៀបចំលិខិតបញ្ជាក់ដាក់ជូនថ្នាក់ដឹកនាំនាយកដ្ឋាននិងគោរពស្នើសុំហត្ថលេខាពីថ្នាក់ដឹកនាំក្រសួង៕ រក្សាសិទ្ធដោយ៖សុទ្ធលី








