Thursday, January 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងអប់រំពិនិត្យសម្រេចលើសេចក្តីព្រាង “ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន”

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យសម្រេចលើសេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។

មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីគោលបំណង និងភាពចាំបាច់នៃការកំណត់ឱ្យបានអំពីមុខតំណែងរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងចំនួនមន្ត្រីសម្រាប់មុខតំណែងនីមួយៗ ដែលជាតម្រូវការការងារក្នុងរចនាសម្ព័ន្ធរដ្ឋបាល ប្រតិបត្តិការការងារ និងការបំពេញបេសកកម្ម និងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងន័យនេះ ក្រុមការងារបាននិងកំពុងបន្តពិនិត្យពិភាក្សាលម្អិតបន្ថែមទៀតលើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដែលបានព្រាងដោយក្រុមការងារបច្ចេកទេស ដើម្បីប្រមូលធាតុចូលក្នុងគោលដៅកែលម្អ មុនឈានដល់ការធ្វើសេចក្តីសម្រេចអនុម័ត។

ព្រះរាជក្រឹត្យនេះ មានគោលបំណងរៀបចំលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងមន្ត្រីរាជការស៊ីវិលដែលទទួលការអប់រំ ការបណ្តុះបណ្តាល មានបទពិសោធការងារ និងចំណេះដឹងបំពេញការងារក្នុងវិស័យអប់រំ។ មុខតំណែងក្នុងអង្គគ្រូបង្រៀន រួមមាន មុខតំណែងវិជ្ជាជីវៈ និងមុខតំណែងគ្រប់គ្រង ដែលតម្រូវឱ្យមានការពិពណ៌នាមុខតំណែងដោយបញ្ជាក់អំពីឧបនិស្ស័យនិងគុណវុឌ្ឍិសម្រាប់មុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ ដែលទាមទារនូវជំនាញ ឯកទេស ដែលកំណត់បានតាមរយៈកម្រិតសញ្ញាបត្រ ឬវិញ្ញាបនបត្រដោយការបញ្ជាក់ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ មុខតំណែងវិជ្ជាជីវៈនៃអង្គគ្រូបង្រៀន ត្រូវទទួលការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ផ្អែកតាមតម្រូវការនៃមុខតំណែងនីមួយៗ និងផែនការអភិវឌ្ឍសមត្ថភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមគន្លងអាជីពគ្រូបង្រៀន។

ដើម្បីបង្កើនប្រសិទ្ធភាពការងារឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជូនក្រុមការងារ ត្រូវបន្តពិនិត្យ និងប្រមូលផ្តុំឯកសារពាក់ព័ន្ធដើម្បីរៀបចំជាគោលនយោបាយគាំទ្រដោយត្រូវកំណត់ឱ្យច្បាស់បច្ចេកទេសក្របខណ្ឌ ដែលឆ្លុះបញ្ជាំងនូវការអនុវត្តជាក់ស្តែង ហើយក៏ជាឱកាសមួយក្នុងការរៀបចំដាក់បញ្ចូលគោលការណ៍ចាំបាច់ជាច្រើនទៅក្នុងឯកសារបទដ្ឋានគតិយុត្តផងដែរ ជាមួយនេះក៏ត្រូវរៀបចំក្រុមការងារត្រួតពិនិត្យអក្ខរាវិរុទ្ធ និងបញ្ជាក់ខ្លឹមសារឱ្យបានត្រឹមត្រូវគូសបញ្ជាក់ថា ការកំណត់មុខតំណែងវិជ្ជាជីវៈ បច្ចេកទេសអប់រំ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការរៀបចំគោលការណ៍ច្បាស់លាស់ ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងអភិបាលកិច្ច និងគុណភាពអប់រំនៅតាមគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅសាធារណៈ ឆ្លើយតបការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×