កាលពីពេលថ្មីៗនេះ ក្រុមស្រ្តីសុំទានជាក្រុម បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនៅពេលបានឃើញអ្នកសុំទានសម័យថ្មីទាំងនោះ ស្លៀកពាក់ស្អាតបាត និងមានសាច់ឈាមដ៏ទ្រលុកទ្រលន់ ដែលមិនគួរណា បែរនាំគ្នាចាប់មុខរបរជាអ្នកដើរសុំទានដ៏មិនថ្លៃថ្នូរ ដោយមិនចេះអៀនខ្មាសបន្តិចសោះឡើយ។
តែដោយឡែក ថ្មីៗនេះទៀត ប្រជាពលរដ្ឋបានបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញករណីស្រ្តីសុំទានដែលមានគ្នីគ្នាសរុប ៦ នាក់ ក្នុងនោះមានប្រុសម្នាក់ ដើរសុំលុយជាក្រុម ដែលពិតជាគួរឲ្យខ្លាចណាស់ ព្រោះតែពួកគេបានដើរសុំលុយទាំងហ្វូងតែម្តង។ តែបើតាមសង្កេតមើល នោះក្រុមស្រ្តីសុំទាននៅក្នុងវីដេអូថ្មីនេះ គឺច្បាស់ណាស់ ជាក្រុមដដែល ដោយគ្រាន់តែពួកគេផ្លាស់ប្តូរសម្លៀកបំពាក់ប៉ុណ្ណោះ។
ជុំវិញករណីដ៏ភ្ញាក់ផ្អើលនេះផងដែរ បើតាមបងប្អូនប្រជាពលរដ្ឋដែលបានដឹងច្បាស់ បានប្រាប់ឲ្យដឹងថា ក្រុមស្រ្តីសុំទានទាំងនេះ ឲ្យតែរដូវចូលឆ្នាំចិនមកដល់ នោះពួកគេនឹងចេញរកស៊ីរាល់តែឆ្នាំហ្នឹង មកពីតាមខេត្ត ដើរមានគ្នាពី៥នាក់ទៅ៦នាក់ ហើយពេលខ្លះ ចូលសុំដល់ក្នុងផ្ទះ ហើយថាអត់មានទេ ក៏នៅចាំមើលលើមើលក្រោម ហើយនៅពេលថាឲ្យ រកចង់ញ៉ិញដាក់យើងទៀតផង។
តែបើតាមសង្កេតឃើញនាពេលកន្លងៗមក គឺក្រុមស្រ្តីសុំទានទាំងនេះ ជូនកាលក៏ឃើញដើរសុំទានខុសរដូវសែនចិនដែរ នៅតាមតំបន់ជុំវិញភូមិសាស្រ្តរាជធានីភ្នំពេញ ដោយពួកគេបានចូលសុំជាក្រុម ដោយលើកយកហេតុផល អត់សាហ៊ុយធ្វើដំណើរទៅស្រុក ដោយសារត្រូវមេខ្យល់នាំយកទៅប្រទេសថៃខុសច្បាប់ ឬ អ្នកម៉ៅការសំណង់បោកប្រាស់ជាដើម។ តែតាមពិត មិននឹកស្មាន ជាក្រុមរកស៊ីសុំលុយអាជីពបែបនេះនោះទេ៕