Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ជាអនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ ដែលផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផាន់ សារ៉ាត់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ អនុប្រធានស្តីទី គណបក្សកម្លាំងជាតិ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពាក់ព័ន្ធ ករណីញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ដែលមានចេតនាញុះញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលប្រព្រឹត្តកាលពីពេលកន្លងទៅនេះ។

ជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមក សាកសួរ ដោយយោងតាមចម្លើយសារភាព និងភស្តុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពបំភ្លៃព័ត៌មាន និងចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមប្រាកដមែន។

សូមបញ្ជាក់ថាការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ ខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនិងការគាបសង្កត់ ឬបំភិតបំភ័យ ផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×