ថ្មីៗនេះ វីដេអូមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏មិនធម្មតា របស់ស្រ្តីអ្នកមើលល្ខោនម្នាក់ ដែលបានបញ្ចេញកំហឹងឡើងលើឆាកសម្តែង ដេញវាយតួអង្គសេដ្ឋីម្នាក់ រត់ផ្អើលពេញរោងល្ខោនតែម្តង ព្រោះតែស្រ្តីរូបនោះ សម្តែងក្តីអាណិតអាសូរខ្លាំង ចំពោះតួស្រីដ៏កំសត់ម្នាក់ដែលកំពុងត្រូវបានវាយធ្វើបាប។
ពិតណាស់ តាមរយៈវីដេអូ បានបង្ហាញតួអង្គសេដ្ឋីនោះ កំពុងវាយធ្វើបាបទៅលើតួស្រី ដោយបានយកដំបងស្នោ វាយវាត់គ្មានត្រាប្រណី ដែលធ្វើឲ្យអ្នកទស្សនាកើតក្តីអាណិតអាសូរជាខ្លាំង។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺទន្ទឹមនឹងខណៈពេលនោះ ស្រាប់តែស្រ្តីម្នាក់ បានក្រោកឈរចង្អុលស្រែកទៅលើតួអង្គសេដ្ឋី ឲ្យបញ្ឈប់សកម្មភាពវាយធ្វើបាបនេះជាបន្ទាន់ ខណៈស្របពេលនោះ ក៏មានអ្នកទស្សនាដ៏ទៃ គប់ដុំថ្ម ឡើងលើឆាកផងដែរ។
ប៉ុន្តែ ដោយសារតួអង្គសេដ្ឋីមិនស្តាប់ ព្រោះគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ហើយនៅតែបន្តវាយធ្វើបាបទៀត ជាហេតុធ្វើឲ្យស្រ្តីរូបនោះ ទ្រាំចិត្តលែងបាន ក៏ស្ទុះឡើងលើឆាក ដេញវាយសេដ្ឋី រត់ផ្អើលពេញរោងល្ខោនតែម្តង។
គួរបញ្ជាក់ថា នេះជាសកម្មភាពដ៏ប្លែក និងកម្រ ដែលត្រូវបានចាត់ទុកថា ប្រហែលជាលើកទី១ហើយ សម្រាប់អ្នកសម្តែងល្ខោន ដែលបានជួបហេតុការណ៍ដ៏ញាក់សាច់បែបនេះ៕