ហ្វូងមនុស្សប្រមាណជាង ១០នាក់ បានឈប់ម៉ូតូនៅលើស្ពានព្រែកក្ដាម ហើយដើររេរាពិនិត្យមើលសពក្នុងគ្រោះថ្នាក់ចរាចរណ៍មួយទើបនឹងកើតឡើងមុននេះបន្តិច និងរកនឹកថាក្រែងមានស្គាល់សពដែរឬអត់…? ស្រាប់តែរថយន្តដឹកទំនិញធុនធំយីឌុប បើកចុះពីស្ពាន វ៉ាក់អឺពួកនេះ ដោយសារយប់រាងងងឹតផង និងប្រថុចញ៉ុចផង ឡានជាន់ហ្វ្រាំងទប់មិនទាន់ ក៏ជ្រុលទៅបុកម៉ូតូ ៨គ្រឿង បន្ថែមទៀត ដែលភ្លាមៗនោះបណ្ដាលឲ្យមានការភ័យរន្ធត់ជាខ្លាំង ប៉ុន្តែសំណាងល្អ មិនមានពលរដ្ឋណាម្នាក់ រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែខូចខាតម៉ូតូប៉ុណ្ណោះ។
គ្រោះថ្នាក់ចរាចរណ៍ត្រួតលើគ្នាពីរលើកភ្លាមៗនេះ កើតឡើងនៅលើស្ពានព្រែកក្ដាម ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល វេលាយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
បើតាម លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ នៃខេត្តកណ្ដាល បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ករណីរថយន្ដធុនធំដឹកទំនិញបុកម៉ូតូ ៨គ្រឿងនេះ គឺផ្ដើមចេញពីម៉ូតូឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍មុននេះ គឺគ្រោះថ្នាក់ចរាចរណ៍ទីមួយ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់។ ហេតុការណ៍ដំបូងនោះ គឺមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បានបុកអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យស្លាប់ភា្លមៗ នៅលើស្ពានព្រែកក្ដាមនេះ។ ក្នុងពេលសមត្ថកិច្ចកំពុងធ្វើអន្ដរាគមន៍ ក៏មានប្រជាពលរដ្ឋដែលជាអ្នកដំណើរផ្សេងទៀត បាននាំគ្នាឈប់មើលជាហូរហែ។
នៅពេលនោះ ក៏មានរថយន្ដដឹកទំនិញធុនធំមួយគ្រឿងខាងលើ មកដល់ ក៏បុករះម៉ូតូរហូតដល់ ៨គ្រឿងតែម្ដង ម៉ូតូទាំងនោះ គឺពួកគេកំពុងឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍ដំបូង, ប៉ុន្តែទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍ត្រួតលើគ្នា លើកទី២នេះ បណ្ដាលឲ្យរងការខូចខាតម៉ូតូតែប៉ុណ្ណោះ ចំណែកមនុស្សមិនមានអ្នករងរបួសឡើយ។
លោកអធិការស្រុកពញាឮ បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការវាស់វែង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់, ចំពោះរថយន្ដបង្កករណីទី១ ដែលបណ្ដាលឲ្យមានអ្នកស្លាប់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍លើកទី២នៅលើស្ពានព្រែកក្ដាមនេះ សាធារណជនបានលើកឡើងថា ហ្នឹងហើយ លទ្ធផលឈប់លើស្ពានរញ៉េរញ៉ៃ វាចឹង !៕ ពិសិដ្ឋ CEN