ភ្នំពេញ ៖ បុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណីលួងលោមក្មេងស្រីម្នាក់រួមភេទជាច្រើនដង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ។
ករណីនេះ តំណាងអយ្យការ បានចោទប្រកាន់លើជនសង្ស័យឈ្នោះ ផេន រតនា អាយុ២២ឆ្នាំ ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ យោងតាមមាត្រា៤២ នៃក្រមព្រហ្មទណ្ឌ ហើយទោសនេះ ជនជាប់ចោទអាចប្រឈម នឹងជាប់ពន្ធនាគារ ពី៥-១០ឆ្នាំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣០នាទី ការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីឪពុកជនរងគ្រោះ ឈ្មោះ ចៅ សុខ អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះ ឆ៣០២ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្តឹងចោទប្រកាន់បុរសឈ្នោះ ផេន រតនា អាយុប្រហែល២២ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៣៨ ខណ្ឌចំការមន ពីបទ លួងលោមរួមភេទ ជាមួយកូនស្រីខ្លួនអាយុ១៤ឆ្នាំ។
បើតាមស្តាប់ចម្លើយរបស់ជនរងគ្រោះ ឈ្មោះ ស.ច.យ ភេទស្រី អាយុ១៤ឆ្នាំ បានប្រាប់ថា រូបនាង ត្រូវបានបុរសឈ្មោះ ផេន រតនា លួងលោមរួមភេទជាច្រើនដងមកហើយ ដោយការួមភេទលើដំបូង គឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល៦៖៣០នាទីយប់ ក្នុងរថយន្ត ម្តុំក្រោយសាលាទួលស្វាយព្រៃ និងក្រោយៗមកទៀត បុរសនេះ បាននាំខ្លួនមករួមភេទនៅផ្ទះសំណាក់ម្តុំស្ទឹងមានជ័យ ១ដងទៅ២ដង ក្នុង១អាទិត្យ។ ជាក់ស្តែងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ម៉ោងប្រហែល១៤៖១៥នាទី យុវជនរូបនេះ បានព្យាយាមទូរស័ព្ទហៅជនរងគ្រោះ រួមភេទបន្តទៀត ដូច្នេះយោងតាមពាក្យប្តឹងរបស់ឪពុកម្តាយក្មេងស្រីរូបនោះ កម្លាំងការិយាល័យជំនាញ បានចុះនាំខ្លួនជនសង្ស័យ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកធ្វើការសាកសួរតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ