ខេត្តកំពង់ធំ ៖ សម្តេចមហាបវរធិបតី នៅថ្ងៃនេះឆ្លៀតឱកាសក្រៅផ្លូវការ ជួបជាមួយបងប្អូនប្រជាកសិករនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទី នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីបានស្តាប់ផ្ទាល់ពីបងប្អូនកសិករអំពីស្ថានភាពស្វាយចន្ទី និងអត្ថប្រយោជន៍ ឬបញ្ហាប្រឈមនានា នៃការចូលរួមជាមួយសហគមន៍កសិកម្មទំនើបដែលផ្តួចផ្តើមនិងគាំទ្រដោយក្រសួងកសិកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា “នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ បានឆ្លៀតឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។
សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។ បន្ថែមពីនេះ ក៏សូមវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។ បន្ថែមពីនេះទៀត ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម ។
ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបបានចំនួន ៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី