Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមព្រឹត្តិការណ៍ចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម

ត្បូងឃ្មុំ៖ ពលរដ្ឋមកពីជិតឆ្ងាយ បាននាំគ្នាយកឧបករណ៍នេសាទដូចជា ឈ្នាង អង្រុត ត្រក ក្លុះ ជាដើម ដើម្បីចាប់ត្រី តាមបែបប្រពៃណី។ ពិធីចាប់ត្រីនេះ អ្នកខេត្តត្បូងឃ្មុំតែងធ្វើឡើងជារៀងរាល់ឆ្នាំ នៅបឹងបុរាណមួយ គឺបឹងត្រពាំងក្រម ស្ថិតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ការចាប់ត្រីនេះ ប្រារព្ធឡើងនៅថ្ងៃទី១ កុម្ភៈ ចាប់ពីម៉ោង៩ព្រឹក ដោយមានការចូលរួមពីរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ។

សម្រាប់ឆ្នាំនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ស្រុក ។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់ បានបញ្ជាក់ថាកម្មវិធីនឹងចាប់ផ្តើមជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង៧:៣០នាទី ក្នុងនោះមានឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។ល។

ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណនេះដែរ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ។

សូមជម្រាបថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ។

ជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ តែជាលក្ខណៈតាមតំបន់ក្នុងភូមិ-ស្រុក។

ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់គិតគូខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសដោយមានការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គឺក្រសួងព័ត៌មាន មានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជាសេនាធិការ និងប្រព័ន្ធផ្សព្វផ្សាយឯកាជននានា ដែលធ្វើឲ្យពលរដ្ឋជិតឆ្ងាយបានឃើញ បានដឹង និងចាប់អារម្មណ៍ បានចូលរួមយ៉ាងច្រើនកុះករកកកុញរាប់មុឺននាក់ ខណៈក្នុងនោះក៏មានអ្នកទេសចរណ៍បរទេសចូលរួមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×