Saturday, February 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណង មិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត

រាជធានីភ្នំពេញ ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូទៅ បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងមានជំនួបពិភាក្សា ការងារជាមួយសមាជិកគណៈរដ្ឋមន្ត្រីជប៉ុន និងថ្នាក់ដឹកនាំសំខាន់ៗ ដូចជា ១. ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី, ២. ឯកឧត្តម MURAKAMI Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការ ផ្ទៃក្នុងនិងទូរគមនាគមន៍, ៣. ឯកឧត្តម KIUCHI Minoru រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខសេដ្ឋកិច្ច, ៤. ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្ត្រីក្រសួងការបរទេស, និង ៥. ឯកឧត្តម TANAKA Akihiko ប្រធាន JICA ដើម្បី៖ (១) សិក្សាអំពីប្រព័ន្ធអភិបាលកិច្ចជប៉ុន ជាពិសេសពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងពាក់ព័ន្ធការពង្រឹងមុខងារ និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការ ដ៏សំខាន់មួយរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី, (២) សិក្សាស្វែងយល់អំពីគោលនយោបាយ សំខាន់ៗពាក់ព័ន្ធនឹងវិស័យរដ្ឋបាល ច្បាប់ ការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយរបស់ រដ្ឋាភិបាល និងទិដ្ឋភាពពាក់ព័ន្ធមួយចំនួនទៀត និង(៣)ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណង មិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនង ប្រជាជននិងប្រជាជន។

ក្រៅពីជំនួបខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ នឹងមានជំនួបពិភាក្សាជាមួយ ឯកឧត្តម ISHIGURO Norihiko ប្រធាន JETRO និងប្រធានសមាគមជប៉ុននិងកម្ពុជា (JCA) ផងដែរ ដើម្បី ពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីកង្វល់ និងបញ្ហា ប្រឈមដែលវិនិយោគគិនជប៉ុនកំពុងជួបប្រទះ សំដៅស្វែងរកដំណោះស្រាយ សម្រួលដល់ការធ្វើធុរកិច្ច និងជំរុញការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តគូម៉ាម៉ូតូ (Kumamoto) ដែលមានទីតាំងនៅភាគនិរតីនៃប្រទេសជប៉ុន ដើម្បីជួបជាមួយឯកឧត្តម KIMURA Takashi អភិបាលខេត្តកូម៉ាម៉ូតូ និងប្រធានសមាគមន៍ឧស្សាហកម្មកូម៉ាម៉ូតូ ដើម្បីដកពិសោធ ពីជោគជ័យរបស់តំបន់នេះក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្មនិងការរីចម្រើនផ្នែកបច្ចេកវិទ្យា ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសជប៉ុន។

ដំណើរទស្សនកិច្ចនេះបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការ ជំរុញកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ការពង្រឹងអភិបាលកិច្ចប្រព័ន្ធការងារ ក៏ដូចជាពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ជាពិសេសដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តនូវមុខងារគន្លឹះ និងមុខងារស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់ របស់s សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×