Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ចាប់ពីឆ្នាំ២០២១ មក ក.ប.ទ. បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា (ទ.ក.) ដែលជាសហគ្រាសសាធារណៈនៅក្រោមឱវាទ ក.ប.ទ. តាមរយៈការកាត់បន្ថយបុគ្គលិក ការកែសម្រួលរចនាសម្ព័ន្ធនិងនីតិវិធីការងារ ការកាត់បន្ថយចំណាយដែលមិនចាំបាច់ ការពង្រឹងអាជីវកម្មដែលមានស្រាប់និងស្វែងរកអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថលនិងតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងវិធានការផ្សេងៗទៀតជាច្រើន ធ្វើយ៉ាងណាពង្រឹងនិងស្តារស្ថានភាពហិរញ្ញវត្ថុនៃសហគ្រាសសាធារណៈនេះឡើងវិញ ដែលកន្លងមក បានទទួលរងការខាតបង់ជារៀងរាល់ឆ្នាំ។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទ.ក. ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។

សមិទ្ធផលប្រកបដោយភាពមោទននេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់ថ្នាក់ដឹកនាំនិងនិយោជិតទាំងអស់របស់ ទ.ក. ហើយនឹងជួយឱ្យ ទ.ក. អាចបន្តបោះជំហានយ៉ាងស្វាហាប់នៅលើវិថីមួយដ៏ត្រឹមត្រូវនៅក្នុងការចាប់យកទីផ្សារនិងពង្រីកវិសាលភាពរបស់ខ្លួននៃវិស័យទូរគមនាគមន៍កម្ពុជា កាន់តែទូលំទូលាយ ដើម្បីបង្កើនប្រាក់ចំណេញជាបន្តបន្ទាប់ទៀត។

ជាពិសេស ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដី ក.ប.ទ. និងការណែនាំរបស់ក្រុមប្រឹក្សាភិបាលនៃ ទ.ក. បច្ចុប្បន្ននេះ ទ.ក. មាន ឯកឧត្ដម សឿង ម៉ូរ៉ារិទ្ធ ជា អគ្គនាយក ដែលជាថ្នាក់ដឹកនាំប្រតិបត្តិ មានបទពិសោធការងារប្រមាណ ២២ ឆ្នាំ លើវិស័យហិរញ្ញវត្ថុនិងធនាគារ ប្រកបដោយភាពច្នៃប្រឌិត និងមានគំរូអាជីវកម្មដ៏ល្អ ដែលកន្លងមក ឯកឧត្តម ធ្លាប់ដឹកនាំស្ថាប័នធនាគារចាប់តាំងពីបង្កើតដំបូងមានទ្រព្យសកម្មចំនួន ១០ លានដុល្លារអាម៉េរិក ហើយរីកធំធាត់ដល់ប្រមាណ ៣០០ លានដុល្លារអាម៉េរិក ក្នុងរយៈពេលត្រឹម ១២ ឆ្នាំ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានកៀរគរធនធានមនុស្សបន្ថែមដែលមានបទពិសោធនិងជំនាញច្បាស់លាស់ មកពីវិស័យឯកជន ដែលបច្ចុប្បន្ន កំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តក្នុងការធ្វើបរិវត្តកម្មឌីជីថល និងផ្តោតសំខាន់លើទំនុកចិត្ត ក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ ទ.ក. ក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×