Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! សួនសត្វមួយនៅប្រទេសចិន លក់ «ទឹកនោមខ្លោ» អះអាងថាជាឱសថដ៏ពូកែ ព្យាបាលជំងឺ…

សួនសត្វមួយកន្លែងក្នុងប្រទេសចិន បានធ្វើអោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានលក់ «ឱសថទឹកនោមខ្លា» ពីសត្វខ្លាស៊ីបេរី ក្នុងតម្លៃ ៥០ យន់ (ស្មើ 6.95$) ក្នុងមួយដប ដោយក្នុងមួយដបមានប្រហែល ២៥០ ក្រាម។

ភ្ញៀវម្នាក់ដែលបានទៅសួនសត្វបានថតរូបផលិតផលនោះ ហើយចែករំលែកនៅលើបណ្តាញសង្គម ដោយបង្ហាញថាសួនសត្វកំពុងលក់ទឹកនោមខ្លា ខណៈអះអាងថា វាអាចជួយព្យាបាលជំងឺឈឺសន្លាក់ឆ្អឹង និងរលាករ៉ាំរ៉ៃ។

តាមរយៈរូបភាពជាក់ស្តែង បានបង្ហាញស្លាកយីហោនៅលើដប បានសរសេរអះអាងថា ទឹកនោមខ្លាមានលក្ខណៈសម្បត្តិព្យាបាល និងអាចជួយដល់ការឈឺសន្លាក់ឆ្អឹង រមួលក្រពើ និងឈឺសាច់ដុំ។ ស្លាកយីហោនោះ ក៏ថែមទាំងណែនាំឱ្យផឹក ប៉ុន្តែព្រមានមនុស្សឱ្យឈប់បន្ទាន់ ប្រសិនបើពួកគេមានប្រតិកម្មអាលែហ្សី។

បុគ្គលិកសួនសត្វម្នាក់បានប្រាប់កាសែត The Paper ថា “ឱសថទឹកនោមខ្លា” នោះត្រូវបានប្រមូលដោយផ្ទាល់ពីធុងសម្រាប់ដាក់ទឹកនោមរបស់សត្វខ្លា។ ប៉ុន្តែ ​មិន​ច្បាស់​ទេ​ថា​តើ​ពួកគេ​ធ្វើ​បែបណា ​ដើម្បី​ធ្វើការសំលាប់មេរោគ ​មុន​នឹងដាក់​លក់នោះវា​។

បុគ្គលិក​ក៏​បាន​ចែក​រំលែក​ថា ផលិតផល​កំពុង​តែ​មាន​តម្រូវ​ការ ដោយ​ក្នុង​មួយ​ថ្ងៃ​លក់​រហូតដល់​ទៅ ២ ដប។

តែទោះជាយ៉ាងណា ឱសថការីម្នាក់មកពីមន្ទីរពេទ្យឱសថបុរាណចិន ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន បាននិយាយថា ទឹកនោមខ្លាពិតជាមិនត្រូវបានទទួលស្គាល់ថាជាឱសថបុរាណ និងមិនមានអត្ថប្រយោជន៍សុខភាព ដូចដែលគេបានអះអាងនោះទេ។

ឱសថការីនោះក៏​បាន​ណែនាំ​ប្រជាជន​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការព្យាបាល​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ដោយ​ព្រមាន​ថា​ ការ​ប្រើប្រាស់​ថ្នាំ​ដែល​មិន​បាន​ផ្ទៀងផ្ទាត់​ អាច​ធ្វើ​ឱ្យ​អ្វីៗ​កាន់តែ​ធ្ងន់ធ្ងរ ​ជំនួស​ឱ្យ​ការ​ប្រសើរ​ជាង​មុន ។

ចំណែកអ្នកអនុវត្តឱសថបុរាណចិនម្នាក់ទៀត ក៏បានសម្តែងការហួសចិត្តចំពោះចោទសួនសត្វនោះ ដោយចោទសួរថា ហេតុតើពួកគេថែមទាំងមានសិទ្ធិលក់ «ផលិតផលឱសថ» នេះ? ព្រោះថាថ្នាំទាំងអស់ត្រូវការការយល់ព្រម ពីនិយតកររដ្ឋាភិបាល។

ទោះជាយ៉ាងនេះក្តី បុគ្គលិកសួនសត្វបានទទូចថា ពួកគេមានអាជ្ញាប័ណ្ណអាជីវកម្មលក់ទឹកនោមខ្លា៕

×