អ្នកស្រី ទេព សុភន អាយុ៤៥ឆ្នាំ ជាប្រធានផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងប្ដីរបស់អ្នកស្រីឈ្មោះ ស្នា អាយុ៤៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិបរនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កោះហៅ ឱ្យចូលខ្លួន ឆ្លើយបំភ្លឺជុំវិញករណី ” ញុះញង់ឱ្យមានការរើសអើង , ជេរប្រមាថជាសាធារណៈ , បរិហារបង្កាច់គេជាសាធារណៈ ” តាមបណ្ដឹងរបស់អាជីវករឈ្មោះ សួន ផល្លី ។
បើតាមលិខិតកោះហៅ របស់ មន្ត្រីនគរបាលយុត្តិធម៌នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានកោះហៅ អ្នកស្រី ទេព សុភន ប្រធានផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងប្ដីរបស់អ្នកស្រីឈ្មោះ ស្នា ឱ្យចូលខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:00ព្រឹក បន្ទប់លេខ ១៦ ដើម្បីឆ្លើយបំភ្លឺជុំវិញករណី ” ញុះញង់ឱ្យមានការរើសអើង , ជេរប្រមាថជាសាធារណៈ , បរិហារបង្កាច់គេជាសាធារណៈ ” តាមបណ្ដឹងរបស់អាជីវករឈ្មោះ សួន ផល្លី ។
គួររំលឹកថា ករណី អ្នកស្រី ទេព សុភន ប្រធានផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងបក្ខពួកឈ្មោះ ម៉ន ជាសន្តិសុខផ្សារ ព្រមទាំងជាប់ពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀងទៀតផង បានប្រព្រឹត្តសកម្មភាពរំលោភអំណាច ទៅលើអាជីវករ២នាក់ប្ដី-ប្រពន្ធ ឈ្មោះ សួន ផល្លី ប្ដីអាយុ៦៨ឆ្នាំ និងប្រពន្ធឈ្មោះ សេក សាបឿន អាយុ៦៧ឆ្នាំ លក់ក្រណាត់ ផ្កាជ័រ និងគ្រឿងតុបតែងផ្សេងៗ ដោយពួកគេធ្វើទុក្ខបុកម្នេញ , ជេរប្រមាថជាសាធារណៈ , ញុះញង់ឱ្យមានការរើសអើង , បរិហារបង្កាច់កេរ្ដិ៍ជាសាធារណៈ , បណ្ដេញឱ្យយកអីវ៉ាន់ចេញពីទីធ្លាដែលធ្លាប់ដាក់អីវ៉ាន់លក់ដូរតាមលំអានចាស់ , ប្រើកម្លាំងសន្តិសុខមកទាត់ឈូសអីវ៉ាន់ , ប្រើមនុស្សឱ្យមកនិយាយប្រាប់ថា មិនទទួលខុសត្រូវលើសន្តិសុខអីវ៉ាន់ , បន្ទាប់មកក៏មានចោរលួចអីវ៉ាន់ពេលយប់ៗក្នុងតូបរបស់គាត់ជាបន្តបន្ទាប់ , បង្កជម្លោះស្ទើរតែមិនលស់ថ្ងៃ , មានមនុស្សមកបន្ទោបង់លាមកមុខតូបលក់ដូររបស់គាត់ ក៏ស្ទើរតែមិនលួសថ្ងៃផងដែរ។, បោះកញ្ចប់លាមក និងសំឡីអនាម័យស្ត្រីលើដំបូលតូប និងមុខតូបរបស់គាត់ ស្ទើរជារៀងរាល់ថ្ងៃ, រឿងនេះ បានប្រជុំរកដំណោះស្រាយនៅសាលាក្រុងស្វាយរៀង មួយលើកជាពីរលើករួចមកហើយ ប៉ុន្តែគេនៅតែបណ្ដោយឱ្យប្រធានផ្សាររូបនេះ ធ្វើអីតាមទំនើងចិត្តដដែល។
សកម្មភាពរបស់ប្រធានផ្សារវាលយន្ត និងបក្ខពួក ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ ពិនិត្យ និងផ្អែកលើភស្តុតាងផ្សេងៗ រកឃើញថា មានតម្រុយបទល្មើស ” ញុះញង់ឱ្យមានការរើសអើង , ជេរប្រមាថជាសាធារណៈ , បរិហារបង្កាច់គេជាសាធារណៈ ” ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់អាជីវករពីរនាក់ប្ដី-ប្រពន្ធខាងលើនេះ យ៉ាងធ្ងន់ធ្ងរ គប្បីត្រូវអនុវត្តតាមនីតិវិធីច្បាប់ទៅលើបុគ្គលរូបនេះ និងបក្ខពួក ដែលមានបញ្ញត្តិឱ្យផ្ដន្ទាទោស ក្នុង មាត្រា ៣០៥ , មាត្រា ៣០៧ , មាត្រា ៣១១ , មាត្រា ៣១២ និង មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា, និងសកម្មភាពធ្វើទុក្ខបុកម្នេញ ” រំលោភអំណាចប្រឆាំង និងបុគ្គល ” ដែលមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញត្តិច្បាប់ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង មាត្រា មាត្រា ៥៨៦ , មាត្រា ៥៨៧ និង មាត្រា ៥៨៨។
អាជីវករប្ដី-ប្រពន្ធខាងលើនេះ បានឱ្យដឹងថា ប្រធានផ្សារវាលយន្ត អ្នកស្រី ទេព សុភន តែងតែបង្កជម្លោះ រើសអើង ធ្វើទុក្ខបុកម្នេញ មកលើរូបគាត់ អស់រយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែសកម្មភាពខ្លាំងក្លាស្ទើរតែគ្មាននរណាអាចទប់ចិត្តបាននោះ គឺចាប់តាំងពីថ្ងៃទី៩ ខែមករា មកដល់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺធ្វើទុក្ខបុកម្នេញមកលើរូបគាត់យ៉ាងខ្លាំងក្លា ប្រើកម្លាំងសន្តិសុខឈ្មោះ ម៉ន មកទាត់ឈូសអីវ៉ាន់របស់គាត់… សួរថា តើអ្នកលក់ដូរផ្សេងទៀតរាប់រយនាក់ ម្ដេចគេមិនធ្វើដូច្នេះផង ?! បើតាមពិនិត្យជាក់ស្ដែង គ្មានជនណាម្នាក់ឈ្លោះទាស់ទែងជាមួយរូបគាត់ពីរនាក់ប្ដី-ប្រពន្ធនេះឡើយ គឺមានតែ អ្នកស្រី ទេព សុភន និងបក្ខពួកតែប៉ុណ្ណោះ ដែលតែងតែព្យាយាមធ្វើទុក្ខបុកម្នេញមកលើរូបគាត់តាមរយៈរូបភាពផ្សេងៗ។
អាជីវករ២នាក់ប្ដី-ប្រពន្ធ ឈ្មោះ សួន ផល្លី និង សេក សាបឿន , បានអំពាវនាវដ៏ទទូចសូមឱ្យ អាជ្ញាធរក្រុងស្វាយរៀង អភិបាលខេត្តស្វាយរៀង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មេត្តាជួយអន្តរាគមន៍ជួយរកយុត្តិធម៌ដល់រូបខ្ញុំបាទ និងនាងខ្ញុំទាំងពីរនាក់ប្ដី-ប្រពន្ធនេះផង៕ ពិសិដ្ឋ CEN