Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធ ម៉ា​រ៉ូហាន់ និង ក្រុមហ៊ុន Lotte E & C ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់ អគារ​ការិយាល័យ​កណ្តា​ល​របស់​ធនាគារ ស្ថាបនា​

​ភ្នំពេញ​ ៖ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ ស្ថាបនា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ បានឲ្យដឹងថា លោក Han Chang Woo ប្រធាន​ក្រុមប្រឹក្សាភិបាល សម្ព័ន្ធ ម៉ា​រ៉ូហាន់ របស់​ប្រទេស ជប៉ុន និង​លោក Ha Suk Joo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lotte E&C របស់​ប្រទេស​កូរ៉េ​ខាង ត្បូង​បាន​ចុះ​កិច្ចព្រមព្រៀង លើ​កិច្ចសន្យា​សាងសង់​អគារ​ការិយាល័យ​កណ្តាល របស់ ធនាគារ ស្ថាបនា ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អគារ​ថ្មី​នេះ​នឹង ជា​ស្នាក់ការ​កណ្តាល​របស់​ធ​នា​គារ ស្ថាបនា ដែល​ជា​ធនាគារពាណិជ្ជ ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​។ សំណង់​អគារ​នេះ​ត្រូវបាន បើកសម្ពោធ​ចាប់ផ្តើម​ការសាងសង់ ជា​ផ្លូវការ​កាលពី​ខែ​ឧសភា កន្លងទៅនេះ ដែលមាន ទីតាំងនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ហើយ​អគារ​នេះ សាងសង់ ទៅតាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​កម្រិត A និង​ត្រូវ​ចំណាយពេល​ប្រមាណ ២៦ ខែ​សម្រាប់​ការសាងសង់​។ អគារ​នេះ​មាន​កម្ពស់ ២២ ជាន់ ជាមួយនឹង​ជាន់​ក្រោម ដី​ចំនួន ៤ ជាន់ ជាមួយ​កម្ពស់ ១០៣ ម៉ែត្រ និង​មាន​ទំហំ​សរុប​ចំនួន ៣៥.១៣៥ ម៉ែត្រការ៉េ​។ គម្រោង​នៃ​ការសាងសង់​នេះ នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ៧០ លាន​ដុល្លារ​អាមេរិក​។​

​ក្រុមហ៊ុន MARUHAN Investment (Cambodia) Co., Ltd. របស់​សម្ព័ន្ធ ម៉ា​រ៉ូហាន់​គឺជា​អ្នក ដឹកនាំ​គម្រោង​ការសាងសង់​នេះ ហើយ​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ នឹង​ជួយ​ធនាគារ ស្ថាបនា ក្នុង​ការពង្រីក​វិសាលភាព និង​សមត្ថភាព​របស់​ខ្លួន ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញ វត្ថុ​ជូន​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។ ធនាគារ ស្ថាបនា ដែល​ជា​កម្មសិទ្ធិ របស់​សម្ព័ន្ធ ម៉ា​រ៉ូហាន់​មាន​មោទន​ភាព​​ក្នុង​ការអនុវត្ត​ឱ្យបាន​នូវ​ពាក្យស្លោក​របស់​ខ្លួន​គឺ “​ធនាគារ ស្ថាបនា ធ្វើឲ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង​”​។​

​លោក Han Chang Woo ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ ម៉ា​រ៉ូហាន់ បាន​មានប្រសាសន៍ថា “​សម្ព័ន្ធ ម៉ា​រ៉ូហាន់ ប្តេជ្ញា​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​មាន សុទិដ្ឋិនិយម​ថា​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​នឹង​ក្លាយជា អគារ​និមិត្តរូប​មួយ ដែល បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​ទំនើបៗ និង​ខ្ពស់​ស្កឹមស្កៃ​ស្ថិតនៅ តាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ហើយ​នេះ​នឹង​ឆ្លុះ​បញ្ចំងឱ្យឃើញ​កាន់តែច្បាស់ អំពី​វិបុលភាព និង​សុភមង្គល របស់​ប្រជាជន​កម្ពុជា​។​

​លោក Ha Suk Joo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lotte E&C បាន​មានប្រសាសន៍ថា “​យើងខ្ញុំ មាន​កិត្តិយស​ជាខ្លាំង ដែល​សម្ព័ន្ធ ម៉ា​រ៉ូហាន់ បាន​ជ្រើសរើស​យក​យើងខ្ញុំ​សម្រាប់​គម្រោង ដ៏​មាន​កិត្យានុភាព​មួយ​នេះ​។ នេះ​គឺជា​គម្រោង​ដំបូង​គេ​របស់​ក្រុមហ៊ុន Lotte E & C នៅ​កម្ពុជា ហើយ​យើងខ្ញុំ​នឹង​នាំ​យក​បច្ចេកវិទ្យា នៃ​ការសាងសង់​ទំនើប​ចុងក្រោយ ដើម្បី​ធ្វើឱ្យ ស្ថាបត្យកម្ម​អគារ​ការិយាល័យ​កណ្តាល​ធនាគារ ស្ថាបនា ទទួលបាន​ជោគជ័យ​។ ក្រុមហ៊ុន Lotte E & C មានបំណង​បន្ត​ការសាងសង់​អគារ​លំដាប់​អន្ដរជាតិ​កម្រិត A បែប​នេះ​ឱ្យបាន ច្រើន​នៅ​កម្ពុជា​។​”

សម្ព័ន្ធ ម៉ា​រ៉ូហាន់ គឺជា​ក្រុមហ៊ុន​កំសាន្ត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​មាន បុគ្គលិក បម្រើ​ការងារ​ប្រមាណ​ជាង ១២,០០០ នាក់​។ សម្ព័ន្ធ ម៉ា​រ៉ូហាន់ ជា​ម្ចាស់​ក្លឹប​វាយ​កូន​ហ្គោល TAIHEIOO ដ៏​មាន​កិត្យានុភាព​មួយ​ក្នុង​ប្រទេស​ជប៉ុន ហើយក៏​ជា​បុត្រ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​នៅ ប្រទេស​កម្ពុជា ឡាវ និង មី​យ៉ាន់​ម៉ា ផងដែរ​។​

ក្រុមហ៊ុន Lotte E & C វិញ​គឺជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ផ្នែក​សំណង់ ឈាន មុខ​គេ នៅក្នុង ប្រទេស​កូរ៉េខាងត្បូង ដែល​ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​នៅក្នុង វិស័យ​រោងចក្រ សំណង់​ស៊ីវិល ការងារ​សាងសង់ និង​អគារ​ខ្ពស់ៗ​។​

គម្រោង​ធំៗ​របស់ Lotte E & C រួមមាន​អគារ Lotte Center Hanoi (​មាន​កម្ពស់ ៦៥ ជាន់​) និង​អគារ Lotte World Tower Seoul (​មាន​កម្ពស់ ១២៣ ជាន់​)៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×