ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានផ្តាំផ្ញើ៥ចំណុចដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលនឹងចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីជាទុនបន្ថែមសម្រាប់បំពេញភារកិច្ច។
ការផ្តាំផ្ញើនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជូនដំណើរកងរាជអាវុធហត្ថលេខ៨៧២ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) កងវិស្វកម្មពហុជំនាញលេខ៨៦៣ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់ (UNIFIL) និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ទី៣ ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖
- ទី១៖ ប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍ដែលជាបទបញ្ជា ៤ចំណុច របស់ថ្នាក់ដឹកនាំកំពូលនៃយើង ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំ លេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។
- ទី២៖ គោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជាស្វែងយល់ពីរបៀបរបបធ្វើការរបស់ អង្គការសហប្រជាជាតិ និងរក្សាភាពថ្លៃថ្នូរកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ។ រៀនសូត្រដកពិសោធន៍ ប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពដើម្បីឆ្លើយតបបេសកកម្មរបស់ខ្លួន ដែលអាចមានការ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន។
- ទី៣៖ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ស្រឡាញ់គ្នា និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ ខិតខំសិក្សារៀនសូត្រភាសាបរទេសបន្ថែម ដើម្បីងាយស្រួលទំនាក់ទំនងជាមួយ សហការីសហប្រជាជាតិ និងប្រជាជននៃប្រទេសដែលយើងបោះទីតាំង ។
- ទី៤៖ សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីស្ថានភាពភូមិសាស្ត្រនយោបាយសង្គម ការប្រឈម ទាំងឡាយនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ គ្រប់ប្រភេទ ដែលអាចកើតឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារពួន ស្នាក់ ឬគ្រោះធម្មជាតិ និងជំងឺឆ្លងផ្សេងៗ។
- ទី៥៖ ទំនាក់ទំនងល្អជាមួយប្រទេស ជាមួយប្រជាជន គោរពទំនៀមទំលាប់ និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែក ស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាលជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញពីប្រជាជន ធ្វើអ្វីដើម្បីប្រជាជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី