Monday, February 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីនតោន១គ្រាប់ ដែលអ្នកកាសែតដឹកយកមកប្រគល់ឲ្យប៉ូលីសប៉ុស្តិអូរស្មាច់ ឥឡូវមន្ត្រីសុីម៉ាក់ចុះទៅយកហើយ

ភ្នំពេញ ÷ ករណីអ្នកកាសែតមាតុភូមិយកគ្រាប់មីនតោន១គ្រាប់ប្រគល់អោយប៉ូលីសប៉ុស្តិអូរស្មាច់ ឥឡូវនេះមន្ត្រីសុីម៉ាក់ចុះទៅយកហើយ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គ្រាប់មីនតោននេះប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក ហើយបងប្អូនសារព័ត៌មានចូលរួមយ៉ាងសកម្មជួយវិស័យមីននេះសំខាន់ណាស់ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន។

ឯកឧត្តម ហេង រតនា អគ្គនាយកសុីម៉ាក បានឲ្យអ្នកសារព័ត៌មានដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅប៉ុស្តិនគរបាលរដ្ឋបាលអូរស្មាច់ កម្លាំងជំនាញអង្គភាពសុីម៉ាក់បានទៅទទួលយកគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក ដែលតាមរបាយការណ៍មានអ្នកសារព័ត៌មាន បានទៅយកគ្រាប់មីននេះពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដឹកយកមកដាក់លេីតុក្នុងប៉ុស្តប៉ូលីសតែម្តង!! ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា បងប្អូនសារព័ត៌មានចូលរួមយ៉ាងសកម្មជួយវិស័យមីននេះសំខាន់ណាស់ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម!! ។

ឯកឧត្តម ហេង រតនា បានសូមអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់ឬបោសសម្អាតឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាតិ!! ។ បច្ចុប្បន្ននេះមានកម្លាំងស្មគ្រ័ចិត្តអង្គភាពសុីម៉ាក់ជាង១មុឺននាក់ក្នុងទូទាំងប្រទេស និងកម្លាំងនគរបាលប៉ុស្តទាំងអស់ ជាភ្នាក់ងារទទួលនិងផ្តល់ព័ត៌មានមកអង្គភាពសុីម៉ាក់ដេីម្បីចាត់បញ្ជូនអ្នកបច្ចេកទេសឆ្លេីយតបតាមសំណូមពរ!! ។

អ្នកកាសែតមាតុភូមិ គឺលោក ទឺ ពិទូ និង លោក ពែង ពុយ ត្រូវ បានតំណាងអយ្យការសាលាដំបូងចោទប្រកាន់ ពីបទ : បោះបង់វត្ថុគ្រឿងផ្ទុះ ដែលអាចនាំអោយគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៦ ខែកុម្ភ: ឆ្នាំ២០២៥ ។
បទ ល្មើសព្រហ្មទណ្ឌ ដែលបញ្ញត្តិផ្តន្ទាទោស តាមមាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរលេខ: ០២២ដសបស ចុះថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥ ។

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មាន Page ឈ្មោះ Pheng Vannak បានផ្សព្វផ្សាយព័ត៌មាន មានខ្លឹមសារថា “អ្នកកាសែតរកឃើញម៉ឺនតោនខំយកទៅអោយប៉ូលីស ប៉ះចំប៉ូលីសអត់ចេះច្បាប់ ចាប់គ្នាយកទៅដាក់ គុកទៀត។ សុំខ្លាចហើយប៉ូលីសខេត្តឧត្តរមានជ័យ” និង “សមត្ថកិច្ចល្ងង់ធ្វើបែបនេះហើយ បើសមត្ថកិច្ចចេះដឹងគួរតែ អរគុណអ្នកកាសែត ដែលគាត់យកមកប្រគល់អោយសមត្ថកិច្ច។ សំណូមពរ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យមើលផង”។

ស្នងការដ្ឋាននគរបាលខេត្ត សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិត មិនគ្រប់ ជ្រុងជ្រោយ ពុំបានសុំការបញ្ជាក់ព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រមូលនូវព័ត៌មានឱ្យបានច្បាស់លាស់ នាំឱ្យ មហាជនមានការយល់ច្រឡំ ធ្វើឱ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។

ដើម្បីកុំឱ្យមានការភាន់ច្រឡំ ស្នងការដ្ឋាននគរបាលខេត្តសូមធ្វើការបំភ្លឺជូនថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣:០០នាទី នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានករណីលួចយក មីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ថៃ ចាត់ទុកជាតំបន់ហាមឃាត់ បង្កឡើង ដោយជនសង្ស័យចំនួន ០២នាក់ គឺឈ្មោះ ទី ពិទូ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅភូមិចំការ ចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងឈ្មោះ ពែក ពុយ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្នងការដ្ឋាននគរបាលខេត្ត សូមគូសបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមក ឈ្មោះ ទី ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ ប៉ុន្តែជនសង្ស័យនៅតែគឃ្លីនពុំស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ម្យ៉ាងវិញទៀត សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ការទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងអាចបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្ស ប្រសិនបើមានការផ្ទុះគ្រាប់មីនតោននេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×