ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
សភាពការណ៍គ្រឿងញៀនរបស់ពិភពលោកនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយមិនទាន់មានភាពធូរ ស្រាលនៅឡើយដែលសហគមន៍អន្តរជាតិកំពុងប្រមូលផ្តុំយកចិត្តទុកដាក់ដោះស្រាយ។ ការផលិត និងការជួញដូរ គ្រឿងញៀនខុសច្បាប់នៅតែបន្តកើតមានឡើងដូចជានៅតំបន់ត្រីកោណមាសនិងនៅតំបន់អឌ្ឍចន្ទមាសជាដើម។ ពួកឧក្រិដ្ឋជនគ្រឿងញៀនតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រនិងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតគ្រឿងញៀន ប្រភេទថ្មីៗដែលកំពុងកើនឡើង និងគេចវេះពីការចាប់ខ្លួន។ ដោយឡែកសភាពការណ៍គ្រឿងញៀននៅកម្ពុជា ក៏នៅតែមាននិន្នាការមិនទាន់ថមថយនៅឡើយ ដោយក្នុងនោះ ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និង ការកែច្នៃផលិតគ្រឿងញៀន នៅតែបន្តកើតមានក្នុងសង្គមកម្ពុជា។
ក្នុងគោលបំណងទប់ស្កាត់និងឈានទៅលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់នៃឧក្រិដ្ឋកម្ម គ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ដែលគិតត្រឹមឆ្នាំ២០២៤កន្លងទៅ មានចំនួន៩លើកមកហើយ សំដៅជំរុញនិងកៀរគរ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ព្រមទាំងបំផុសប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ចលនាជាតិមួយក្នុងស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។ ដើម្បីក្លាយជាផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៩លើកកន្លងមក (២០១៧-២០២៤) អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានអនុវត្តនិងបំពេញតួនាទីយ៉ាងសកម្មលើកិច្ចការសំខាន់ៗមួយចំនួន (១) ជំរុញការផ្សព្វផ្សាយអប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ៧៥៦ ៩៣៤ លើក ដែលមានអ្នកចូលរួមនិងទទួលសារអប់រំក្នុងម្នាក់អាចទទួលសារអប់រំលើសពីម្តង (តួលេខ បូកយោងសរុបចំនួន ៣២ ៨៥៥ ២២៤ អង្គ/នាក់)។ ជាពិសេសក្នុងឆ្នាំ២០២៤កន្លងមកនេះ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសហការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពក្រោមមូលបទ “រួមគ្នាដើម្បី សប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងវេទិកាផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនដ៏ធំមួយគឺ «ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤- ដែលត្រូវបានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) ទទួលស្គាល់និងកោតសរសើរចំពោះកម្ពុជាជាប្រទេសគំរូ ក្នុងការរៀបចំទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្កើតកម្មវិធីទូរស័ព្ទដៃ NoDrug ជាដើម (២) ជំរុញការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយបានបិទទីតាំងអាជីវកម្មសរុបចំនួន ៤៨ កន្លែង និងបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ប្រមាណ ៤២ ៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦ ៣៩៩ គីឡូក្រាម រួមទាំងរឹបអូសមធ្យោបាយ សម្ភារៈ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែង។ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលមានអង្គការចាត់តាំងចំនួន ៦២៧ ករណី ឃាត់ខ្លួនឧក្រិដ្ឋជនមេខ្លោង ១៩៥ នាក់ និងបណ្តាញខ្សែរយៈ ១ ៤៥៣ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ (៣) បានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនិងស្តារនីតិសម្បទាសរុបចំនួន ១៤៥ ៧៩០ នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារនិងសហគមន៍វិញសរុបចំនួន ៨១ ៦៧៥ នាក់។
ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ទទួលបានលទ្ធផលជាវិជ្ជមានដូច បានរៀបរាប់ខាងលើនោះក្តី យើងបានពិនិត្យឃើញបញ្ហាប្រឈមថ្មីមួយចំនួនដែលបានកើតឡើង ដូចជា ការប្រើប្រាស់ ល្បិចកលនាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិតជាសារធាតុញៀន សំយោគ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ រួមទាំងរូបភាពនៃការនាំចូលឆ្លងកាត់ ការកែច្នៃផលិតជាដើម។ ក្តីបារម្ភ ដែលជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិនោះគឺ ការប្រើប្រាស់គ្រឿងញៀននៅតាម សហគមន៍នៅតែបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឱ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។
ដោយពិនិត្យឃើញថា មហន្តរាយដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល ទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ត ដាក់ចេញនូវ ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ក្នុងគោលដៅ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀនព្រមទាំងកសាង សង្គមដែលមានសុខុមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងការពារកិត្តិយស ដោយបានកំណត់នូវគោលការណ៍និងវិធានការសំខាន់ៗដូចខាងក្រោម៖
គោលការណ៍រួម
- ខិតខំបញ្ចៀសឱ្យបាន មិនឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យឥទ្ធិពលដ៏សាហាវនៃគ្រឿងញៀន ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ ជាពិសេសការលើកកម្ពស់សមត្ថភាព ក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបការប្តេជ្ញាចិត្តថា កម្ពុជាគឺជា ប្រទេសគ្មានគ្រឿងញៀន ដោយផ្តើមចេញពីបុគ្គលម្នាក់ទៅគ្រួសារមួយដែលស្អាតស្អំគ្មានគ្រឿងញៀន ស្របតាម ទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន
- ជំរុញបន្តអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ សំដៅបង្កើននូវជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងក្នុងជួរកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីរាជការស៊ីវិល
- ជំរុញសកម្មភាពបោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀន ក្នុងផ្ទៃប្រទេស តាមគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ» ស្របតាមទិសស្លោក *៣កុំ ១រាយការណ៍ៈ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងរាយការណ៍គ្រប់បទល្មើសគ្រឿងញៀន» ព្រមទាំង បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្មផុលផុស
- បន្តជំរុញការអនុវត្តទិសដៅការងារអាទិភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនរួមមាន (១) ការងារផ្សព្វផ្សាយអប់រំ (២) ការពង្រឹងយន្តការគ្រប់គ្រងសារធាតុគីមីផ្សំ (៣) ការទប់ស្កាត់ការនាំចូលគ្រឿងញៀន (៤) ការទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន និង(៥) ការលុបបំបាត់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន
- ពង្រឹងយន្តការឆ្លើយតបទាន់ហេតុការណ៍ ដោយលើកកម្ពស់ប្រសិទ្ធភាពកម្មវិធីទូរស័ព្ទដៃ NoDrug និង ប្រព័ន្ធទូរស័ព្ទ Hotline ដើម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀន និងចាត់វិធានការដោះស្រាយ អន្តរាគមន៍ និងបង្ក្រាបឱ្យបានទាន់ពេលវេលា
- ខិតខំប្រមូលផ្តុំលើកកម្ពស់សមត្ថភាព លទ្ធភាពគ្រប់គ្រង ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម អ្នកញៀនគ្រឿងញៀនឱ្យបានល្អប្រសើរថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលការប្រើប្រាស់គ្រឿងញៀន សំដៅរួមចំណែកលុបបំបាត់ទីផ្សារគ្រឿងញៀន និងកាត់បន្ថយបទល្មើសផ្សេងៗ ដែលបណ្តាលមកពីការទទួលរង ឥទ្ធិពលពីគ្រឿងញៀន
- លើកកម្ពស់សមត្ថភាពបំពេញការងាររបស់មន្ត្រីអនុវត្តច្បាប់ ទាំងលើវិស័យជំនាញ នីតិវិធី និង ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងត្រូវបង្កើនកិច្ចសហការល្អជាមួយស្ថាប័នអយ្យការ និងតុលាការ ដើម្បីរួមគ្នាពង្រឹង ប្រសិទ្ធភាពក្នុងការកសាងសំណុំរឿងដាក់ស្ថានទម្ងន់ទោស សំដៅផ្តន្ទាទោសដល់ពួកឧក្រិដ្ឋជនគ្រឿងញៀនឱ្យ បានម៉ឺងម៉ាត់ស្របតាមច្បាប់
- ពង្រឹងនិងពង្រីកវិសាលភាពសហប្រតិបត្តិការឱ្យបានទូលំទូលាយ ជាមួយបណ្តាអង្គការជាតិ អន្តរជាតិ ស្ថាប័នអនុវត្តច្បាប់បរទេសជាដៃគូ ក្នុងការផ្លាស់ប្តូរព័ត៌មានបម្រើឱ្យវិធានការបង្ការ ទប់ស្កាត់ពីចម្ងាយ និងបណ្តា ព័ត៌មាន បទពិសោធល្អៗបម្រើឱ្យការបង្ក្រាប ព្រមទាំងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស និងសម្ភារៈ
- ខិតខំយកចិត្តទុកដាក់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវបទល្មើសសម្អាតប្រាក់ ដែល ពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីកាត់ផ្តាច់ចរន្តហិរញ្ញវត្ថុផ្គត់ផ្គង់ដល់សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន៕រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/27d9ffb4416f002003c7456e8e3030dc-1024x576.jpeg)
![](https://cen.com.kh/wp-content/uploads/2025/02/a8432a5f31d8815dd6142b454035f722-4.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4f4fccd03730adfcb7e3a2d419d6e2d3-4.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/21e44dd814b8a1acb03749ad3c1b06bc-2.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5d7b58555048f8427a37d1f132f1c866-2.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e58de70e1c39b2d85cf4c18910b5f83b-2.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3508c6be9c98b11e735fb8e39f71527c-2.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c65a945c8b03bdda242b574127028dde-1.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b0e515314ff2481618450e1911f5c890-1.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/779116f49af0589bb3916d8c2193e753.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/def62c927caaf3751d41bf066cd7e188-1024x538.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/79d066de65e21a5a6424bfa4c3bbdbee.png)
![](https://cen.com.kh/wp-content/uploads/2025/02/783b0c7f10f8710ae94248741ca51dd0-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c2f47facde2dc21ab697cbdde60b51b5-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b8ab46b065911a17039e0d74919317a4-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8debceefd61904b1e157f81c2d8d1dca-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0f45561b62fe1bf53b242114b6e8c09d.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6bdb9edf32bd83406bacd0156fd2df37-2-1024x681.jpg)