ភ្នំពេញ ៖ បេសកកម្មដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះបានចេញដំណើរនៅថ្ងៃនេះហើយ ខណៈដែលបេសកកម្មលើកនេះមានការចូល រួម ពីអ្នកសារព័ត៌ មាន ជាង៥០ នាក់មកពីជាង២០ស្ថាប័ន ។
បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈឆ្នាំ២០២៥ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជារំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិននិងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិនិងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តភាគឦសានទាំងពីរនេះ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា«បេសកកម្មលើកនេះហាក់ប្លែកបន្តិចពីបេសកកម្មកន្លងមកដោយយើងបានផ្តោតទៅលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ដែលជាវិស័យដ៏មានសក្តានុពលក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភូមិភាគឦសានទាំងពីរនេះហាក់ដូចជាមិនទាន់ទូលំទូលាយនៅទ្បើយ»។
នេះជាបេសកកម្មលើកទី៧របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់ទៅតាមខេត្តនានារួមមានខេត្កព្រះសីហនុ កែប សៀមរាប ខេត្តពោធិ៍សាត់និងរមណីយដ្ឋានឋានសួគ៌បូកគោ។
ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.កដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/da7961812b32eea264740061a35369d0-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0c176a3071028ee98625de3da8bc689e-722x1024.jpg)