Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឆ្នាំ២០២៤ ប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ប្រមាណជាង ៤២ ៨៤៨ គីឡូក្រាម

ភ្នំពេញ ៖ ក្នុងគោលបំណងទប់ស្កាត់និងឈានទៅលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់នៃឧក្រិដ្ឋកម្ម គ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ដែលគិតត្រឹមឆ្នាំ២០២៤កន្លងទៅ មានចំនួន៩លើកមកហើយ សំដៅជំរុញនិងកៀរគរ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ព្រមទាំងបំផុសប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ចលនាជាតិមួយក្នុងស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។

ដើម្បីក្លាយជាផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៩លើកកន្លងមក (២០១៧-២០២៤) អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានអនុវត្តនិងបំពេញតួនាទីយ៉ាងសកម្មលើកិច្ចការសំខាន់ៗមួយចំនួន (១) ជំរុញការផ្សព្វផ្សាយអប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ៧៥៦ ៩៣៤ លើក ដែលមានអ្នកចូលរួមនិងទទួលសារអប់រំក្នុងម្នាក់អាចទទួលសារអប់រំលើសពីម្តង (តួលេខ បូកយោងសរុបចំនួន ៣២ ៨៥៥ ២២៤ អង្គ/នាក់)។

ជាពិសេសក្នុងឆ្នាំ២០២៤កន្លងមកនេះ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសហការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពក្រោមមូលបទ “រួមគ្នាដើម្បី សប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងវេទិកាផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនដ៏ធំមួយគឺ «ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤- ដែលត្រូវបានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) ទទួលស្គាល់និងកោតសរសើរចំពោះកម្ពុជាជាប្រទេសគំរូ ក្នុងការរៀបចំទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្កើតកម្មវិធីទូរស័ព្ទដៃ NoDrug ជាដើម (២) ជំរុញការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយបានបិទទីតាំងអាជីវកម្មសរុបចំនួន ៤៨ កន្លែង និងបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ប្រមាណ ៤២ ៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦ ៣៩៩ គីឡូក្រាម រួមទាំងរឹបអូសមធ្យោបាយ សម្ភារៈ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែង។ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលមានអង្គការចាត់តាំងចំនួន ៦២៧ ករណី ឃាត់ខ្លួនឧក្រិដ្ឋជនមេខ្លោង ១៩៥ នាក់ និងបណ្តាញខ្សែរយៈ ១ ៤៥៣ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ (៣) បានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនិងស្តារនីតិសម្បទាសរុបចំនួន ១៤៥ ៧៩០ នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារនិងសហគមន៍វិញសរុបចំនួន ៨១ ៦៧៥ នាក់។

តាមរយៈផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន។

បន្ថែមពីលើសពីនេះ ត្រូវកោះអញ្ជើញម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ មកធ្វើការពន្យល់ណែនាំឲ្យយកចិត្តទុកដាក់ ក្នុងការងារគ្រប់គ្រង ឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យាសហការបង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវដឹកនាំកម្លាំងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាត ធ្វើអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែត បណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ការដាក់បទបញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិ ដោយការប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍នៅបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឲ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។

បន្ថែមពីនេះ សម្តេចបវរធិបតី បានណែនាំឱ្យរៀបចំឲ្យមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក សហគ្រាស និងវិស័យឯកជននានា ដើម្បីប្រមូលផ្ដុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល។

ចំពោះអគ្គនាយកដ្ឋានពន្ធនាគារវិញ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវឲ្យមាន ការលួចនាំចូលគ្រឿងញៀនផ្តល់ឲ្យពិរុទ្ធជន ឬទណ្ឌិត និង/ឬមានទំនាក់ទំនងពីក្នុងពន្ធនាគារចេញមកខាងក្រៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងត្រូវពិចារណាលើវិធានការ ក្នុងការគ្រប់គ្រងជនល្មើស ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ឬសេពគ្រឿងញៀន ដាច់ដោយឡែកពីទណ្ឌិតឬពិរុទ្ធជនដទៃទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី