Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ម៉ែន សំអន ទទួលជួប ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជន បានទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចំានៅកម្ពុជា ដែលបានរៀបចំនៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ប្រទេសវៀតណាម និងបានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៃប្រទេសទាំងពីរ ដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិតបានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្ម របស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន ។

ឯកឧត្តម ង្វៀន មិញវូ (Nguyen Minh Vu) ក៏បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា។ វាផ្ទុយស្រឡះកាកាលពី ១៥ឆ្នាំមុន ដែលឯកឧត្តមបានមកកម្ពុជា ។ ឯកឧត្តមក៏បាន លើកឡើង អំពីសមិទ្ធិផលជាច្រើន ដែលពលរដ្ឋកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបកម្ពុជាមានការរីកចម្រើនដូចបច្ចុប្បន្ន។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវមោទកភាពមួយដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឱ្យឯកឧត្តម មកបំពេញបេសកកម្មការទូត នៅកម្ពុជា និងបានជូនពរឲ្យឯកឧត្តមបំពេញបេកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី